អ្នកជំនួញវ័យក្មេងម្នាក់កំពុងតែមានឈ្មោះសំឡេងលើវិស័យជំនួញ គឺលោកបណ្ឌិត ឡាយ គឹមឆេន ថ្មីៗនេះ ស្រាប់តែលោកងាកមកវិនិយោគលើវិស័យហាងបញ្ចាំ ជាមួយនិងអ្នកជំនួញខ្មែរល្បីៗ១ក្រុមនៅកម្ពុជា ដោយបានដាក់សម្ពោធឲ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី២២ ខែកុម្ភៈនេះ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកបណ្ឌិត ឡាយ គឹមឆេន ដៃគូរភាគហ៊ុនក្រុមហ៊ុនអេហ្វធី ឃែស អ៊ិចប្រេស ឯ.ក (FT Cash Express Co LTD) និងជាសហគ្រិនវ័យក្មេងបានបញ្ជាក់ថា ដោយមើលឃើញពីតម្រូវការហាងបញ្ចាំស្របច្បាប់ច្រើន ដូច្នេះ ដើម្បីសម្រួលដល់បងប្អូនអាជីករតូចត្រូវការសាច់ប្រាក់រហ័សដូចនេះ មានតែក្រុមហ៊ុនហាងបញ្ចាំទេដែលអាចជួយពួកគាត់បាន និងមានការចុះបញ្ជីទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិតបានមានប្រសាសន៍ថា ក្រុមហ៊ុន FT Cash Express Co LTD យើងខុសពីហាងបញ្ចាំដែលមិនមានច្បាប់ គឺយើងមានទុកដាក់សម្ភារៈរបស់អតិថិជនត្រឹមត្រូវ ជាពិសេសយើងមានទូដែក ប្រៀបដូចទុកដាក់គ្រឿងលង្គការដូចគ្នាដែរ។ ក្រុមហ៊ុនយើងមានការធានាគុណភាពឡាន ឬម៉ូតូ និងប្លង់ដី ដោយមានឃ្លាំងទុកច្បាស់លាស់ក្នុងពេលវេលានៃការបញ្ចាំ ហើយចំណុចសំខាន់យើងផ្តោតលើអ្នកប្រកបអាជីវកម្ម តូចៗ ខណៈដែលធនាគារតឹងតែងខ្លាំង បើសិនជាអតិថិជនមានឯកសារច្បាស់លាស់នឹងសម្រួលឲ្យពួកគាត់ត្រឹមតែ១ម៉ោងទទួលបានថវិកាទៅបង្វិលអាជីវកម្មបានលឿនផងដែរ។

អ្នកជំនួញខាងលើបន្តថា “ខ្ញុំមើលឃើញថា គ្រប់អាជីវកម្មទាំងអស់សុទ្ធតែមានតម្រូវការចរន្តសាច់ប្រាក់មកបង្វិល ដោយឡែកអ្នករកស៊ីតាមផ្សារមានតម្រូវច្រើន ត្រូវការលុយភ្លាមៗ ដូច្នេះហាងបញ្ចាំយើងមានភាពបត់បែនច្រើន អត្រាការប្រាក់គិតតាមថ្ងៃអាទិត្យ ឬខែបាន មិនភាពស្មុគស្មាញនោះទេ។ លើសពីនេះ លោកបណ្ឌិតថា ចក្ខុវិស័យរបស់យើងឆ្នាំ២០២០នេះ បើកឲ្យបាន១៥សាខានៅរាជធានីភ្នំពេញ មូលហេតុដែលយើងអះអាងនេះ ដោយមើលឃើញពីកត្តាស្ថិរភាពនយោបាយយើងល្អ និងតម្រូវការជាក់ស្តែងរបស់បងប្អូនយើងច្រើន ដូច្នោះយើងនឹងពង្រីកសាខាឲ្យបានច្រើនទៀត ដើម្បីបំពេញបន្ថែមដល់បងប្អូនយើង ដើម្បីងាយស្រួលយកទៅពង្រីកអាជីវកម្មបានលឿន នឹងជួយជ្រោងសេដ្ឋកិច្ចជាតិតែម្តង។

សម្រាប់លោកឧកញ៉ាភារម្យ វិចិត្រដារ៉ា ស្ថាបនិកក្រុមហ៊ុន FT Cash Express Co LTD បានលើកឡើងក្រោយពិធីសម្ពោធកាលពីថ្ងៃទី២២ ខែកុម្ភៈ នេះថា បើសិនជាប្អូនយើងចង់វិនិយោគលើវិស័យហាងបញ្ចាំ ក៏មានបើកឲ្យមានការចូលភាគហ៊ុននិងក្រុមហ៊ុនយើងដែរ ដោយអាចលក់ជាភាគហ៊ុន ឬទិញសិទ្ធិអាជីវកម្មតែម្តង ដែលមានលក្ខខណ្ឌច្បាស់លាស់ជាមួយគ្នា ហើយយើងហ៊ានវិនិយោគបន្ថែមទៀត ដោយសារតែយើងមានដៃគូល្អ ស្របពេលកម្ពុជាកំពុងតែមានសុខសន្តិភាពពេញផ្ទៃប្រទេសផងដែរ។

ការវិនិយោគនេះ គឺប្រមូលផ្តុំដោយអ្នកវិនិយោគវ័យក្មេងនៅកម្ពុជា មកពីវិស័យផ្សេងៗគ្នាបានដាក់ហ៊ុនចូលគ្នា វិនិយោគលើវិស័យឧស្សាហកម្មហិរញ្ញវត្ថុ(អាជីវកម្មហាងបញ្ចាំ) ដែលមានឈ្មោះក្រុមហ៊ុន FT Cash Express Co LTD ដែលមានទីតាំងស្ថិតនៅស្ថិតនៅអាគារលេខ២១៧/២១៩ ផ្លូវលេខ១០១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រាល់ផលិតផលដែលអតិថិជនដាក់បញ្ចាំ គឺអត្រាការប្រាក់ចាប់ពី១.៩% (ភាគរយ) ឡើងទៅ ដោយបត់បែនទៅតាមទំនិញដែលបានដាក់បញ្ចាំចំពោះកាប្រាក់ឡើងថ្លៃ ចុះថ្លៃទៅតាមទីផ្សារ នៃទំនិញរបស់យើងសព្វថ្ងៃ ហើយ ចំពោះរបស់ណាដែលមានហានិភ័យខ្ពស់អត្រាការប្រាក់អាចឡើងខ្ពស់ដែរ ។ លើសពីនេះអ្នកវិនិយោគបានបន្ថែមថា ការជ្រើសរើសយកហាងបញ្ចាំដែលស្របច្បាប់វាជារឿងមួយដ៏ល្អ។

នេះជាចក្ខុវិស័យមួយជួយដល់បងប្អូនដែលមានបញ្ហាខ្ចីលុយពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ តម្រូវការឯកសារ និងពេលវេលាយូរក្នុងការខ្ចី ។ ដូច្នេះប្រសិនបើយើងគ្មានឯកសារច្បាស់លាស់ពិបាកក្នុងការ ខ្ចី។ ដោយមើលឃើញពីចំណុចនេះហើយ ទើបក្រុមហ៊ុនយើងបើកហាងបញ្ចាំ ស្របច្បាប់ខ្នាតតូច ដើម្បីជួយដល់បងប្អូន ប្រជាពលរដ្ឋក្នុងការខ្ចីលុយយកទៅបង្វិលទុនផ្សេងៗ លឿនហើយរហ័ស ៕