ខេត្តកណ្តាល ៖ បុរស៣នាក់ត្រូវជាបងប្អូននឹងគ្នាបាននាំគ្នាជួយលើកដែកទីបចងមេក្រូ ដើម្បីរៀបចំធ្វើបុណ្យ (សង្ឃទាន) ជូនម្តាយ ស្រាប់តែជួបគ្រោះអកុសលលើកដែកទីបប៉ះខ្សែភ្លើង បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់ចំនួន២នាក់ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ។

ជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ទាំង៣នាក់ រួមមាន ៖
ទី១-ឈ្មោះជួន អ៊ូច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ (រងរបួសធ្ងន់) មានលំនៅក្នុងភូមិតាពេជ ឃុំឈ្វាំង ស្រុកពញាឮ។
ទី២-ឈ្មោះជួន មករា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ (ស្លាប់) មានលំនៅក្នុងភូមិចំបក ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តស្វាយរៀង។
និងទី៣-ឈ្មោះជេស ហុន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ រោងចក្រ (ស្លាប់) មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកវត្ថុតាងចាប់យក រួមមាន ដែកទីបមូលប្រវែង៧ម៉ែត្រ ឧបករណ៍បំពងសំឡេង (មេក្រូ) ចំនួន១ និងខ្សែភ្លើងចំនួន៣ដុំ។

តាមការបំភ្លឺរបស់ឈ្មោះប៊ុន សៀន ភេទស្រី អាយុ៧៥ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កូនបង្កើតរបស់ខ្លួនឈ្មោះជួន មករា ភេទប្រុស អាយុ៣១ឆ្នាំ និងឈ្មោះជួន អ៊ូច ភេទប្រុស អាយុ៣៨ឆ្នាំ រួមជាមួយកូនប្រសារឈ្មោះជេស ហុន ភេទប្រុស អ្នកទាំងបីនាក់ បាននាំគ្នាលើកដែកទីបមូលចងមេក្រូ ដើម្បីរៀបចំធ្វើបុណ្យសង្ឃទានឱ្យគាត់ជាម្តាយនៅថ្ងៃស្អែក។
ក្នុងពេលដែលកំពុងលើកដែកចងមេក្រូនោះ បណ្តាលឱ្យដែកទៅប៉ះចំខ្សែភ្លើងស្រាតឆ្លងចរន្តឆក់ស្លាប់ជនរងគ្រោះឈ្មោះជួន មករា និងឈ្មោះជេស ហុន ចំណែកជនរងគ្រោះឈ្មោះជួន អ៊ូច ឆក់រងរបួសឆេះខ្លោចម្រាមជើងទាំងសងខាង ត្រូវក្រុមគ្រួសារនិងអ្នកជិតខាងជួយទាន់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។

ក្រោយកើតហេតុ កម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុក បានសហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ឈ្វាំង ដោយមានការចូល រួមពីក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ឃើញថា ជនរងគ្រោះទាំង២នាក់បានស្លាប់ដោយសារឆក់ចរន្តអគ្គិសនីប្រាកដមែន ដោយសាកសពមានស្នាមឆក់ខ្លោចខ្មៅនៅលើស្បែក លើដងខ្លួន ម្រាមដៃ និងឆេះខ្លោចរួញជើងទាំងសងខាង និងមិនមានស្លាកស្នាមអ្វីគួរកត់សំគាល់ឡើយ។

សាកសពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់សាកជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕