ខេត្តព្រះវិហារ ៖ បុរសម្នាក់បានរួមដំណើរជាមួយសាច់ញាតិបងប្អូននិងអ្នកភូមិ នាំគ្នាទៅធ្វើបុណ្យនៅឯខេត្តព្រះវិហារ លុះយប់ឡើងក៏ចងអង្រឹងដេកតែម្នាក់ឯងពេញ១យប់នៅក្បែរជើងភ្នំ លុះព្រឹកឡើងដោយមិនឃើញក្រោក ទើបសាច់ញាតិចូលទៅដាស់ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់រឹងស្តូកបាត់ទៅហើយ។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចជើងភ្នំត្បែង ស្ថិតក្នុងភូមិសាស្ត្រភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ។
សាកសពជនរងគ្រោះ មានឈ្មោះហ៊ុន រាន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះរួមនឹងសាច់ញាតិ បងប្អូន បាននាំគ្នាមកធ្វើបុណ្យនៅវត្តបាក់កាំ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។ លុះយប់ឡើង ជនរងគ្រោះក៏បានយកអង្រឹងទៅចងដេកតែម្នាក់ឯងនៅក្បែរជើងភ្នំ។
លុះមកដល់វេលាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមិនឃើញជនរងគ្រោះភ្ញាក់ពីដំណេក ទើបសាច់ញាតិ នឹកឆ្ងល់ក៏ចូលទៅដាស់ស្រាប់តែប្រទះឃើញជនរងគ្រោះបានដេកស្លាប់រឹងស្តូកបាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យដល់ទីតាំងកើតហេតុ។

តាមការពិនិត្យទៅលើដងខ្លួនសាកសពទាំងមូល ពុំមានឃើញស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ។ តាមការសន្ឋិដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គ។
ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់សាកសពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕