Monday, November 24, 2025
Homeព័ត៌មានជាតិដេកលក់ស្កប់ស្កល់ណាស់ ក្រោយធ្វើសកម្មភាព សមត្ថកិច្ចដាស់វាយខ្នោះ

ដេកលក់ស្កប់ស្កល់ណាស់ ក្រោយធ្វើសកម្មភាព សមត្ថកិច្ចដាស់វាយខ្នោះ

ភ្នំពេញ ៖ យុវជន១ក្រុមទើបនឹងចេញពីផឹកស៊ី ក៏ស្រាប់តែត្រូវជនសង្ស័យជាចោរប្លន់១ក្រុម បានធ្វើសកម្មភាពដេញវាយប្លន់យកម៉ូតូ១គ្រឿងរហូតដល់បានសម្រេច លុះជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៦នាក់ភ្លាមៗ។

ករណីដេញវ៉ៃប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២១ ខែកម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវព្រះរោត្តម ត្រង់ចំណុចគល់ស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យុវជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យដេញវ៉ៃប្លន់ម៉ូតូ មានឈ្មោះឈិន សំណាង អាយុ២១ឆ្នាំ។ ចំណែកម៉ូតូដែលជនសង្ស័យប្លន់យកទៅ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០  ពាក់ស្លាកលេខកណ្តាល 1AH-9763។

ដោយឡែកក្រុមជនសង្ស័យដែលត្រូវ សមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖

ទី១-ឈ្មោះទូច ឃួន ភេទប្រុស អាយុ១៩ឆ្នាំ។

ទី២-ឈ្មោះសើរ កក្កដា ភេទប្រុស អាយុ១៥ឆ្នាំ។

ទី៣-ឈ្មោះ សើរ ចាន់ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ។

ទី៤-ឈ្មោះចន្ថា វិច្ឆិកា ភេទប្រុស អាយុ១៧ឆ្នាំ។

ទី៥-ឈ្មោះរតនា ភេទប្រុស អាយុ២២ឆ្នាំ។

និងទី៦-ឈ្មោះសុខា វីរៈបុត្រ ភេទប្រុស អាយុ១៩ឆ្នាំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមជនរងគ្រោះបានជិះម៉ូតូ៣ទៅ៤គ្រឿងចេញពីផឹកស៊ីមួយកន្លែង ដោយមួយគ្រឿងជិះគ្នា២នាក់ ហើយម៉ូតូជនរងគ្រោះជិះចេញមកមុខគេទិសដៅពីជើងទៅត្បូង ខណៈនោះក៏មានជនសង្ស័យ១ក្រុមធ្វើសកម្មភាពដេញវាយប្លន់ពីស្តុបចំការមន រហូតដល់ចំណុចខាងលើភ័យពេកបានផ្តួលម៉ូតូរត់គេចខ្លួន បន្ទាប់មកក្រុមជនសង្ស័យឡើងជិះម៉ូតូជនរងគ្រោះទៅបាត់តែម្តង ក្រោយកើតហេតុជនរងគ្រោះក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយទទួលបណ្តឹង សមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្ទះសំណាក់លេខ៣៤២ មុខផ្សារសុវណ្ណា ខណៈដែលពួកគេកកំពុងដេកលងង់លក់យ៉ាងស្កប់ស្កល់ និងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចម្ការមន ដើម្បីសាកសួរ កសាងសំណុំរឿងចាត់ការតាមនីតិធិវិធី៕

RELATED ARTICLES