ភ្នំពេញ ៖ យុវជន២នាក់បើករថយន្តស៊េរីទំនើប១គ្រឿងតាមផ្លូវសុខៗ ក៏ស្រាប់តែលាន់ឮសំឡេងផ្ទុះអាវុធជាច្រើនគ្រាប់ចេញពីរថយន្ត ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋអ្នកដំណើរ និងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់សួរនាំ បែរជាឆ្លើយយ៉ាងរំភើយថា ដុតផាវលេង។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចស្តុបរោងកុន អង្គរចាស់ ក្នុងសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា។

យុវជនទាំង២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំសង្ស័យថាបានផ្ទុះអាវុធ (បាញ់បោះសេរី) មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា អ្នកទាំង២នាក់បើករថយន្ត១គ្រឿង ម៉ាកម៉ាសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BC-6066។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរពីលិចមកកើត តាមបណ្តោយ ផ្លូវ២១៧ មកដល់ចំណុចកើតហេតុ ស្រាប់តែឮសំទ្បេងស្នូរផ្ទុះពីរដង រួចរថយន្តបានបើកបត់ទៅខាងក្រោយ រោងកុនអង្គរចាស់ ពេលនោះឮសូរផ្ទុះ ចំនួន២ទៅ៣ដងទៀត។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ខាងលើ ដោយឃាត់ខ្លួនយុវជនទាំងពីរនាក់យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី៤។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់បានឆ្លើយថា គ្រាន់តែជាការដុតផាវបំផ្ទុះទេ មិនបានបាញ់កាំភ្លើងបាញ់ឡើយ។

សូមបញ្ជាក់ នៅទីតាំងកើតហេតុ សមត្ថកិច្ចពុំបានរកមិនឃើញសំបកកាំភ្លើងនោះទេ ប៉ុន្តែជនសង្ស័យទាំង២នាក់ ត្រូវបានធ្វើកំណត់ហេតុ បានបញ្ជូនទៅអធិការដ្ឋានខណ្ឌ៧មករា ដើម្បីចាត់ការតាមផ្លូវច្បាប់៕