ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់បានឡើងទៅយកឃ្មុំនៅលើដើមឈីមួយដើម ស្រាប់តែជួបគ្រោះអកុសលត្រូវឃ្មុំទិចបណ្តាលឱ្យរបូតដៃធ្លាក់ចុះពីលើដើមឈើកម្ពស់១០ម៉ែត្រ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចអរតូក ស្ថិតក្នុងភូមិស្រែធំ ឃុំសុខសាន ស្រុកកោះញែក។
បុរសរងគ្រោះខាងលើ មានឈ្មោះវណ្ណា ធា អាយុ៣២ឆ្នាំ ជនជាតិព្នង មុខរបកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីយុវជនឈ្មោះងៀវ ខ្លះ អាយុ២៣ឆ្នាំ ជនជាតិព្នង បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ខ្លួនជាមួយនិងជនរងគ្រោះទៅដាក់មងអូរតូក ហើយស្រាប់តែឃើញឃ្មុំនៅដើមស្លែងកំពស់ប្រហែលជា១០ម៉ែត្រ បន្ទាប់មកជនរងគ្រោះក៏ឡើងយកឃ្មុំ ហើយឃើញឃ្មុំទិចជនរងគ្រោះជាមូលហេតុរបូតដៃធ្លាក់ស្លាប់នៅក្រោមដើមស្លែង បន្ទាប់មកក៏ដឹកសពជនរងគ្រោះមកផ្ទះហើយប្រាបសមត្ថកិច្ច។

ក្រោយពីទទួលបានដំណឹងភ្លាម កម្លាំងសមត្ថកិច្ចជំនាញបច្ចេកទេសខេត្ត កម្លាំងអធិការនគរបាលស្រុកកោះញែក និងនគរបាលប៉ុស្តិ៍ឃុំសុខសាន បានចុះកន្លែងកើតហេតុនិងពិនិត្យសាក់សព។

តាមការពិនិត្យសព ឃើញថា សាកសពជនរងគ្រោះ បាក់ចង្កាខាងស្តាំផតទ្រូង (បាក់ឆ្អឹង) និងបាក់ភ្លៅខាងឆ្វេង។
តាមការសន្និដ្ធាន ផ្អែកតាមការបំភ្លឺ និងធ្វើការពិនិត្យស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាធ្លាក់ពីលើដើមឈើដោយសារឡើងយកឃ្មុំ ប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕