ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ជាម្ចាស់ហាងផឹកស៊ី (ហាងសាច់អាំង) រកស៊ីសុច្ចរិតតាមសម្រួលមិនសូវកាក់កប បែរជាបែកគំនិតលួចលាក់ជួញដូរផ្លូវភេទ ដោយនាំក្មេងស្រីៗទៅឱ្យភ្ញៀវដេករួមរ័កតាមផ្ទះសំណាក់និងសណ្ឋាគារ ទីបំផុតក៏ត្រូវកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ ឆ្មក់បង្ក្រាបចាប់វាយខ្នោះ២នាក់ប្តីប្រពន្ធជាម្ចាស់ហាង និងរំដោះនារីរងគ្រោះ បានចំនួន៥នាក់។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចហាងសាច់អាំងយីហោ លីហួររស្មីពន្លឺសាច់អាំង ៩៩៩ មានទីតាំងស្ថិតនៅផ្ទះលេខ 23A ផ្លូវ៣៧១ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ការឆ្មក់បង្ក្រាបហាងខាងលើ សមត្ថកិច្ចបានឃើញមនុស្សចំនួន៧នាក់ ក្នុងនោះមានប្តីប្រពន្ធជាម្ចាស់ហាងចំនួន២នាក់ និងនារីរងគ្រោះ (បម្រើសេវាផ្លូវភេទ) ចំនួន៥នាក់ ព្រមទាំងដកហូតស្រោមអនាម័យប្រើប្រាស់រួចចំនួន១ ដែលសមត្ថកិច្ចរកឃើញនៅក្នុងបន្ទប់ផ្ទះសំណាក់ យីហោ វិរៈមហាសាល ។

ជនសង្ស័យ២នាក់ប្តីប្រពន្ធជាម្ចាស់ហាងសាច់អាំងខាងលើ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន បុរសជាប្តីមានឈ្មោះសឹក សុភាព អាយុ៣៨ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះតត សុផាត អាយុ៣៦ឆ្នាំ ស្នាក់នៅក្នុងទីតាំងខាងលើ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការខាងលើធ្វើឡើងដោយកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជននៃក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោកសុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំងជូញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ។

ជាលទ្ធផលសមត្ថកិច្ច បានបង្ក្រាបជាក់ស្តែង ករណី (សញ្ជារកម្ម) នៅក្នុងហាងយីហោ លីហួររស្មីពន្លឺសាច់អាំង ៩៩៩ ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៧នាក់ ក្នុងនោះមាននារីរងគ្រោះចំនួន៥នាក់ និងម្ចាស់ហាងជាមេខ្យល់ប្តីប្រពន្ធចំនួន២នាក់ ព្រមទាំងឆែកឆេររកឃើញស្រោមអនាម័យប្រើប្រាស់រួចចំនួន១ នៅក្នុងបន្ទប់ផ្ទះសំណាក់ ឈ្មោះ វិរៈមហាសាល ដែលជាបន្ទប់សម្រាប់ណាត់ភ្ញៀវទៅរួមភេទ។

បន្ទាប់ពីឃាត់ខ្លួន និងត្រួតពិនិត្យរួចហើយ នារីរងគ្រោះចំនួន៥នាក់ ព្រមទាំងជនសង្ស័យមេខ្យល់ប្តីប្រពន្ធចំនួន២នាក់ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បន្តទៀត។

ចំណែកទីតាំងខាងលើ មិនបានបិទទ្វារនោះទេ ដោយសារតែមានឪពុកម្តាយ និងកូនតូច២នាក់របស់ជនសង្ស័យជាម្ចាស់ទីតាំងគ្មានកន្លែងស្នាក់នៅ៕