Monday, November 24, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចដេញតាមចាប់ចោរលួចឡាន... ពុទ្ធោ អាយុទើបតែ១៤ឆ្នាំ

សមត្ថកិច្ចដេញតាមចាប់ចោរលួចឡាន… ពុទ្ធោ អាយុទើបតែ១៤ឆ្នាំ

ខេត្តឧត្តរមានជ័យ ៖ ក្មេងប្រុសម្នាក់អាយុទើបតែ១៤ឆ្នាំសោះ ហ៊ានធ្វើសកម្មភាពលួចរថយន្តមួយគ្រឿង រួចបើកគេច តែត្រូវសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកអន្លង់វែង ស្រាវជ្រាវរហូតឃាត់ខ្លួនបានកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិតាចាស់ ឃុំស្លែងស្ពាន ស្រុកស្រីភ្នំ ខេត្តសៀមរាប។

បើតាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកអន្លង់វែង បានឱ្យដឹងថា ក្មេងប្រុសដែលត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានក្នុងអំពើលួចនេះ មានឈ្មោះផ្លែង រ៉ាវី អាយុ១៤ឆ្នាំ មានលំនៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះជាម្ចាស់រថយន្តមានឈ្មោះសួន ស៊ីផាន ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ប្រភពសមត្ថកិច្ចដដែលបានឱ្យដឹងដែរថា ការឃាត់ខ្លួនក្មេងប្រុសសង្ស័យខាងលើនេះ គឺបន្ទាប់ពីគេធ្វើសកម្មភាពលួចរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាកាមរី ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០២ នៅចំណុចសាលាឃុំអន្លងវែង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ រួចបើកគេចខ្លួន ហើយត្រូវសមត្ថកិច្ចចាប់បាននៅថ្ងៃបន្ទាប់ ខណៈបើកទៅដល់ចំណុចស្ពានទំនប់អាតោ នៅក្នុងទឹកដីខេត្តសៀមរាប។

ក្រោយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង ត្រូវសមត្ថកិច្ចនាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES