Monday, November 24, 2025
Homeព័ត៌មានជាតិខំសន្សំលុយពីរបរលក់សាច់ជ្រូករាប់ឆ្នាំ ស្រាប់តែអស់រាប់មុឺនដុល្លារ តែមួយភ្លែត

ខំសន្សំលុយពីរបរលក់សាច់ជ្រូករាប់ឆ្នាំ ស្រាប់តែអស់រាប់មុឺនដុល្លារ តែមួយភ្លែត

ភ្នំពេញ  ៖ គ្រោះអគ្គិភ័យមួយបានកើតមានឡើងយ៉ាងសន្ធោសន្ធៅបណ្តាលឱ្យផ្ទះចំនួន៧ល្វែង សេស្មើនឹង១៥បន្ទប់ជារបស់អាជីវករលក់សាច់ជ្រូកម្នាក់ ត្រូវក្លាយជាចំណីភ្លើងត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ដែលគិតជាទំហំនៃការខូចខាតរាប់ម៉ឺនដុល្លារឯណោះ។

ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្បែរសាលាអង្គអេង តាមបណ្តោយផ្លូវលេខ៣០០ ស្ថិតក្នុងក្រុម៥៤ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។

ផ្ទះដែលទទួលរងការឆាបឆេះទាំងស្រុងជាប្រភេទផ្ទះថ្មក្រោមឈើលើ ទំហំ៤ម៉ែត្រគុណនឹង១៤ម៉ែត្រ ចំនួន៧ ល្វែងស្មើនឹង១៥បន្ទប់ មានម្ចាស់ឈ្មោះណៃ ណន់ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរលក់សាច់ជ្រូក មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន២៩គ្រឿង រួមមាន ៖

រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០ឡាន ស្មើនឹង៨០ម៉ែត្រគូប

រថយន្តពន្លត់អគ្គិភ័យជំនួយរបស់ក្រសួងមហាផ្ទៃចំនួន៤គ្រឿង ប្រើប្រាស់អស់៤ឡាន ស្មើនឹង១៦ម៉ែត្រគូប។

រថយន្តពន្លត់អគ្គិភ័យជំនួយរបស់ក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វា ចំនួន២គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន២ឡាន ស្មើនឹង៨ម៉ែត្រគូប។

រថយន្តពន្លត់អគ្គិភ័យជំនួយរបស់ក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន២គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន២ឡាន ស្មើនឹង៨ម៉ែត្រគូប។

រថយន្តពន្លត់អគ្គិភ័យជំនួយរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនឹង៦ម៉ែត្រគូប។

របាយការណ៍ដដែលបន្តថា ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះបានបញ្ចប់ទាំងស្រុងនៅវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃដដែល។ ចំណែកទំហំនៃការខូចខាតរួមមាន ឆេះផ្ទះថ្មក្រោមឈើលើទំហំ៤ម៉ែត្រគុណនឹង១៤ម៉ែត្រ ចំនួន៧ល្វែង ស្មើនឹង១៥បន្ទប់អស់ទាំងស្រុង តែមិនបណ្តាលឱ្យមនុស្សណាម្នាក់បាត់បង់ជីវិត ឬរងគ្រោះថ្នាក់នោះឡើយ។ រីឯមូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យខាងលើនេះនៅមិនទាន់ដឹងច្បាស់នៅឡើយ ខណៈដែលសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ៕

RELATED ARTICLES