ខេត្តពោធិ៍សាត់ ៖ បុរសចិត្តកំណាចឃោរឃៅម្នាក់ព្រោះតែលង់ខ្លួនក្នុងអន្លង់ថ្នាំញៀន ក៏ធ្វើឱ្យបាត់បង់សតិស្មារតី ចេះតែបង្ករឿងអុកឡុកក្នុងគ្រួសារមិនឈប់ លុះគ្រាន់តែខឹងបងថ្លៃស្តីបន្ទោសតិចតួច ក៏ស្រាប់តែធ្វើសកម្មភាពដុតផ្ទះរបស់បងថ្លៃបណ្តាលឱ្យឆេះខ្ទេចអស់ទាំងស្រុង ទីបំផុតក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។
ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ។

ជនបង្កដែលដុតផ្ទះបងថ្លៃខ្លួនឯងឆេះអស់គ្មានសល់ មានឈ្មោះជា ស្រុន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ។ ចំណែកផ្ទះបងថ្លៃរបស់ជនសង្ស័យដែលទទួលរងការឆាបឆេះ មានទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើនេះ គឺជាមុខសញ្ញោប្រីប្រាស់សារធាតុញៀននិងតែងបង្កអំពើហិង្សាវាយដំ គំរាមកំហែងប្រពន្ធកូនមិនឈប់។ លុះមកដល់ថ្ងៃកើតហេតុ ដោយសារតែបងថ្លៃរបស់ជនសង្ស័យទ្រាំនឹងទង្វើរបស់ជនសង្ស័យមិនបាន ក៏បានស្តីបន្ទោស២-៣ម៉ាត់ ស្រាប់តែប្អូនថ្លៃចិត្តភ្លើងបានធ្វើសកមμភាពដុតផ្ទះរបស់បងថ្លៃ បណ្តាលឱ្យឆេះខូចខាតទាំងស្រុងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យខាងលើ នាំយកទៅសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕