Monday, November 24, 2025
Homeព័ត៌មានជាតិលង់ខ្លួនឡើងនិយាយលែងដឹងអីទៅហើយ បន្សល់តែខោអាវក្នុងកាបូបស្ពាយ ក្នុងថ្ងៃ១៤កុម្ភៈ

លង់ខ្លួនឡើងនិយាយលែងដឹងអីទៅហើយ បន្សល់តែខោអាវក្នុងកាបូបស្ពាយ ក្នុងថ្ងៃ១៤កុម្ភៈ

ភ្នំពេញ ៖ យុវជនម្នាក់ស្ថិតក្នុងសភាពបាត់បង់ស្មារតី និយាយមិនចេញលែងដឹងខុសត្រូវ ដេកដួលនៅលើចិញ្ចើមផ្លូវ ត្រូវប្រជាពលរដ្ឋប្រទះឃើញសង្ស័យថា ត្រូវគេដាក់ថ្នាំសណ្តំយកម៉ូតូ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍ខាងលើនេះ បានកើតទ្បើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចទល់មុខសាលារៀនសុវណ្ណភូមិ តាមផ្លូវលេខ៤៧ កែងផ្លូវលេខ៦១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

បុរសដែលសង្ស័យថាត្រូវគេដាក់ថ្នាំសណ្តំយកម៉ូតូនេះ មានឈ្មោះវន ស្រៀ អាយុ៣២ឆ្នាំ មានលំនៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសខាងលើរួមដំណើរជាមួយបុរសម្នាក់ទៀត ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខនិងស៊េរី ធ្វើដំណើរពីត្បូងមកជើង តាមបណ្តោយផ្លូវលេខ៦១។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែគេប្រទះឃើញតែយុវជនខាងលើម្នាក់ឯងដួលដេកលើដី បាត់បុរសអ្នករួមដំណើរជាមួយគ្នានោះមិនដឹងទៅទីណា។

បន្ទាប់មកប្រជាពលរដ្ឋបានសួរទៅយុវជនដែលត្រូវគេទម្លាក់ចោលនោះថា មានរឿងអ្វី ប៉ុន្តែយុវជននោះបាត់បង់ស្មារតីនិយាយមិនចេញអ្វីទាំងអស់ លុះឱ្យសរសេរលេខទូរស័ព្ទអ្នកផ្ទះដើម្បីងាយស្រួលក្នុងការទាក់ទងផ្តល់ដំណឹង ក៏នឹកសរសេរមិនចេញ ពេលនោះពលរដ្ឋបានឆែកមើលឃើញសោម៉ូតូមួយនៅក្នុងសាក់កាដូស្ពាយនិងមួកសុវត្ថិភាពផង ទើបសង្ស័យថា យុវជនខាងលើត្រូវគេដាក់ថ្នាំសណ្តំយកម៉ូតូ។

ដោយឡែកសមត្ថកិច្ចមូលដ្ឋានដែលបានទៅដល់កន្លែងកើតហេតុ បាននិយាយថា យុវជននេះអាចដើរលេងអស់ខ្យល់អស់កម្លាំងពេក ត្រូវមិត្តភក្តិរបស់គេទម្លាក់ចោលនៅទីនេះ ហើយក៏ជិះម៉ូតូចេញទៅបាត់។

សមត្ថកិច្ចបន្តថា តាមតម្រុយដែលទទួលបាន មុនដំបូងយុវជននេះមានគ្នា៣នាក់ជិះម៉ូតូ១គ្រឿង ខណៈជិះមកដល់ចំណុចកើតហេតុ មិនដឹងទាស់គ្នារឿងអ្វី ឃើញគេហុចលុយឱ្យយុវជនខាងលើ២ម៉ឺនរៀល ហើយក៏ទម្លាក់ចោលតែម្តង ដោយពួកគេទាំងពីរនាក់បានចេញដំណើរជិះម៉ូតូទៅបាត់។

មួយសន្ទុះក្រោយមក ក៏មានស្ត្រីម្នាក់អះអាងថា យុវជនខាងលើជាអ្នកស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង បានទាក់ទងសាចញាតិជនរងគ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបាត់ទៅ៕

RELATED ARTICLES