Monday, November 24, 2025
Homeព័ត៌មានជាតិស្គាល់៥ថ្ងៃសោះ ហ៊ានទៅជាមួយគេ... ក្រោកឡើង អស់រលីងពីខ្លួន

ស្គាល់៥ថ្ងៃសោះ ហ៊ានទៅជាមួយគេ… ក្រោកឡើង អស់រលីងពីខ្លួន

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់ដែលមានជំនាញខាងដាក់ថ្នាំសណ្តំយកម៉ូតូ ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនជាប់ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភោជនីយដ្ឋានភូមិគ្រឹះទន្លេ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះពេជ្រ លាប ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។ ចំណែកស្ត្រីសង្ស័យជាដៃគូ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

រីឯជនរងគ្រោះមានឈ្មោះវង្ស សុដានីន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីជនរងគ្រោះបានឱ្យដឹងថា ខ្លួននិងជនសង្ស័យទាំង២នាក់ទើបតែស្គាល់គ្នាបាន៤-៥ថ្ងៃប៉ុណ្ណោះ លុះមកដល់វេលាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានណាត់គ្នាទៅផឹកស៊ីនៅហាងមួយកន្លែងតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

បន្ទាប់ពីផឹកស៊ីបានមួយសន្ទុះ ក្រុមជនសង្ស័យបានលាយគ្រាប់ជីឱ្យខ្លួនផឹក រួចក៏មានអាការទន់ដៃទន់ជើងខុសធម្មតា ក្រោយមកពួកគេបានខ្លួនទៅចូលក្លឹបមួយកន្លែងទៀតនៅតាមផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះបន្តថា នៅពេលទៅដល់ក្នុងក្លឹប ខ្លួនក៏បានសន្លប់បាត់បង់ស្មារតីតែម្តង លុះពេលដឹងខ្លួន គឺនៅក្នុងបន្ទប់ផ្ទះសំណាក់ទៅហើយ។ លុះឆែកមើលរបស់របរ ស្រាប់តែបាត់កាបូបលុយ ទូរស័ព្ទដៃ និងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខតាកែវ 1V-3586។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ក្រោយទទួលបានបណ្តឹងរួច បូករួមទាំងទទួលបានការរាយការណ៍ប្រាប់ពីភិនភាគមុខសញ្ញាខាងលើច្បាស់លា់ស់ផង ទើបនៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់មកសមត្ថកិច្ចប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES