ភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូដឹកគ្នាបំណងទៅដើរលេង ស្រាប់តែត្រូវជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿងបានមកកាក់ពីមុខ រួចធ្វើសកម្មភាពវ៉ៃប្លន់យកម៉ូតូបានសម្រេច លុះពេលជិះគេចខ្លួនចេញទៅ ជនរងគ្រោះក៏បានស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចល្បាតប្រទះឃើញប្រដេញតាមចាប់ក្របួចជាប់ជនសង្ស័យបានចំនួន២នាក់ និងដកហូតបានម៉ូតូជនរងគ្រោះត្រឡប់មកវិញភ្លាមៗ។
ករណីវ៉ៃប្លន់ម៉ូតូខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវបេតុង ក្រុមទី១ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។
លោកហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន រួមមាន ៖
ទី១-ឈ្មោះម៉ើ ណាសៀត ហៅអាឆក អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២០១ ផ្លូវជាតិលេខ៥ ក្រុម៤ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)
ទី២-ឈ្មោះចេង ចាន់វាស្នា ហៅអាតឿ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះមានឈ្មោះលី រ៉ូហ្សាត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៧៨៦ ផ្លូវជាតិលេខ៥ ក្រុម៤ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។
លោកអធិការ បានបញ្ជាក់ទៀតថា ចំពោះសម្ភារដែលសមត្ថកិច្ចដកហូតបាន រួមមាន ម៉ូតូចំនួន២គ្រឿង ១គឿងម៉ាកស៊ុយុស៊ូគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1C-8047 លេខតួលេខម៉ាស៊ីន 7110485 (ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព) និង១គ្រឿងទៀត ម៉ាកហុងដា MSX ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1DD-2852 លេខតួលេខម៉ាស៊ីន 5200103 (ជារបស់ជនរងគ្រោះបានប្រគល់ជូន ជនរងគ្រោះវិញ)។ រួមនឹងទូរស័ព្ទចំនួន២គ្រឿង។

លោកអធិការ បន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមានគ្នា២នាក់ចេញពីផ្ទះក្នុងគោលបំណងទៅដើរលេង ក៏មានជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងតាមពីក្រោយ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ក្រុមជនសង្ស័យ ក៏បានជិះម៉ូតូមកកាក់ពីមុខ ជនរងគ្រោះរួចបានធ្វើសកម្មភាពវាយជនរងគ្រោះយកម៉ូតូជិះចេញទៅ។
ភ្លាមនោះ ជនរងគ្រោះក៏បានស្រែកឆោឡោហៅឱ្យជួយ ទើបកម្លាំងល្បាតខណ្ឌ និងប៉ុស្តិ៍ប្រទះឃើញ ជួយអន្តរាគមន៍ឈានទៅឃាត់ជនសង្ស័យបាន២នាក់ និងម៉ូតូជនរងគ្រោះមកវិញ រីឯបក្ខពួកជនសង្ស័យ២នាក់ទៀត ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ជុំវិញករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនបក្ខពួកជនសង្ស័យបន្ថែម ដើម្បីនាំយកមកចាត់ការតាមច្បាប់។ ដោយឡែកជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕