ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានមិត្តភក្តិរួមការងារប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងប៉ុស្តិ៍យាមកន្លែងការដ្ឋានសាងសង់ស្ពានអាកាសរង្វង់មូលចោមចៅ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលដេកស្លាប់ក្នុងប៉ុស្តិ៍យាមខាងលើ មានឈ្មោះសី សេរីវឌ្ឍន៍ អាយុ៣៣ឆ្នាំ មុខរបរអ្នកយាមនៅកន្លែងកើតហេតុ ស្នាក់នៅផ្ទះ១១ ផ្លូវវេងស្រេង ភូមិ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីមិត្តភក្តិរួមការងារជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះបានចូលយាម និងដេកដូចធម្មតានៅក្នុងប៉ុស្តិ៍ (ទីតាំងកើតហេតុ)។

លុះព្រឹកឡើង ដោយសារតែមិនឃើញជនរងគ្រោះភ្ញាក់ពីដំណេកដូចសព្វដង ទើបគាត់បានចូលទៅដាស់ ទើបដឹងថា ជនរងគ្រោះបានស្លាប់រឹងស្តូកបាត់ទៅហើយ មិនដឹងថាស្លាប់តាំងពីថ្មើរណា ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ក្រោយកើតហេតុ គេឃើញរថយន្តសង្គ្រោះបន្ទាន់១គ្រឿងបានចុះទៅដល់ទីតាំងកើតហេតុ និងបានលើកសាកសពដាក់ក្នុងរថយន្តដឹកចេញទៅបាត់យ៉ាងឆាប់រហ័ស ដោយមិនដឹងថាដឹកទៅណានោះទេ ខណៈដែលមិនទាន់មានសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសពនៅឡើយ៕