Monday, November 24, 2025
Homeព័ត៌មានជាតិផ្ទេរប្រេងចូលស៊ីទែន ភ្លាត់ស្នៀត ឆេះសន្ធោសន្ធៅតែម្តង

ផ្ទេរប្រេងចូលស៊ីទែន ភ្លាត់ស្នៀត ឆេះសន្ធោសន្ធៅតែម្តង

ខេត្តកំពត ៖ បុរសជាកម្មករចាក់សាំងប្រចាំស្ថានីយប្រេងឥន្ធនៈចំនួន២នាក់ បានរងរបួសយ៉ាងធ្ងន់ ឆេះខ្លោចខ្លួន ខណៈដែលនាំ គ្នាបូមផ្ទេរប្រេងពីក្នុងរថយន្តដឹកស៊ីទែនប្រេងចូលកន្លែងស្តុកទុក ស្រាប់តែអកុសលភ្លាត់ស្នៀតធ្វើឱ្យផ្ទុះឆេះរងរបួសទាំង២នាក់ និងបង្កឱ្យរងការខូចខាតរថយន្តដឹកស៊ីទែនប្រេង១គ្រឿងផងដែរ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចស្ថានីយប្រេងឥន្ធនៈ LHR តាមផ្លូវជាតិលេខ៣ ម្តុំផ្សារបឹងឈូក ឃុំឈូក ស្រុកឈូក។

ជនរងគ្រោះទាំង២នាក់ដែលរងរបួសឆេះខ្លោចខ្លួននៅក្នុងហេតុការណ៍ខាងលើនេះ រួមមាន ៖

ទី១-ឈ្មោះឃិន បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករចាក់សាំង

ទី២-ឈ្មោះ ឃិន ខេន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករចាក់សាំង។

ជនរងគ្រោះទាំង២នាក់ ធ្វើការនិងស្នាក់នៅក្នុងស្ថានីយប្រេងឥន្ធនៈខាងលើ និងមានស្រុកកំណើតនៅភូមិអន្លង់ចារ ឃុំចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែងជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកស៊ីទែនប្រេង១គ្រឿងបើកចូលស្ថានីយប្រេងឥន្ធនៈខាងលើ បន្ទាប់មកជនរងគ្រោះទាំង២នាក់ ក៏បានរៀបចំបូមផ្ទេរប្រេងចេញពីរថយន្តដាក់ចូលក្នុងស៊ីទែនផ្ទុកប្រេងរបស់ស្ថានីយ។

លុះក្រោយមកមិនដឹងថា ខុសបច្ចេកទេសយ៉ាងម៉េចក៏ស្រាប់តែធ្វើឱ្យមានការផ្ទុះឆេះឡើងយ៉ាងសន្ធោសន្ធៅ និងបណ្តាលឱ្យជនរងគ្រោះទាំង២នាក់ត្រូវភ្លើងឆេះរលាកខ្លោចខ្លួនរងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យបានចុះអន្តរាគមន៍នៅទីតាំងខាងលើ រហូតរលត់ទៅវិញ”៕

RELATED ARTICLES