នៅក្នុងពិធីចេញទៅទទួលនាវាទេចរណ៍យក្សដែលមានផ្ទុកភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ចំនួនជាង២០០០នាក់ ឯកឧត្តមស៊ុណ ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រាប់ឲ្យដឹងថា ក្រសួងបានត្រៀមរថយន្តក្រុងចំនួន១៥គ្រឿងដឹកអ្នកដំណើរក្នុងនាវាទៅកាន់ព្រលានយន្តហោះកងកេង និងដឹកបន្តមកកាន់ព្រលានយន្តហោះភ្នំពេញ។
ឯកឧត្តមស៊ុន ចាន់ថុល បានថ្លែងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រៀមរថយន្តក្រុងចំនួន១៥គ្រឿង សម្រាប់ដឹកអ្នកដំណើរក្នុងនាវាទេសចរណ៍ ឈ្មោះ MS Westerdam ទៅកាន់ព្រលានយន្តហោះកងកេងខេត្តព្រះសីហនុ និងដឹកបន្តទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
គួរបញ្ជាក់ថា កាលពីល្ងាចម្សិលមិញនេះ នាវាទេសចរណ៍ឈ្មោះ MS Westerdam ត្រូវបានប្រមុខរាជរដ្ឋភិបាល សម្តេចហ៊ុន សែន អនុញ្ញាតឲ្យចូលមកកាន់ប្រទេសកម្ពុជា ចតនៅកំពុងផែខេត្តព្រះសីហនុ ក្រោយពីប្រទេសនិងដែនកោះចំនួន៦ បានបដិសេធ។
នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នាវានេះបានចូលចត ហើយត្រូវបានអាជ្ញាធរកម្ពុជា តម្រូវឲ្យចតឆ្ងាយពីកំពុងផែប្រហែលជាជាង២គីឡូម៉ែត្រ និងបញ្ជូនក្រុមគ្រូពេទ្យជំនាញទៅកាន់នាវានោះដើម្បីធ្វើការពិនិត្យរកជនណាដែលសង្ស័យថាកើតជំងឺ Covid-19។
ប៉ុន្តែអាជ្ញាធរបានប្រាប់មុននេះថា មនុស្សនៅក្នុងនាវាទេសចរណ៍ MS Westerdam មានសុខភាពល្អធម្មតា ប៉ុន្តែក្នុងនោះមាន២០នាក់ មានអាការៈក្ដៅ តែមិនទាន់បញ្ជាក់ថាមានផ្ទុកជំងឺឬយ៉ាងណានៅឡើយទេ។
ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា បើសិនជាគេរកឃើញថាភ្ញៀវទេសចរមានបញ្ហាអ្វីមួយធ្ងន់ធ្ងរ គេនឹងរៀបចាំដាក់មកមន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីតាមដាន និងព្យាបាលពួកគាត់។ ម្យ៉ាងវិញទៀត ប្រសិនបើដាក់អត់អស់ នៅលើកប៉ាល់ក៏មានបន្ទប់ដាច់ដោយឡែកផងដែរ
ចំណែកលោកស្រី ឱ វ៉ាន់ឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់សារព័ត៌មានថា មនុស្ស២០នាក់ដែលស្ថិតនៅក្នុងការតាមដានសុខភាពនេះ ដោយសារតែពួកគេមានអាការៈក្អក ឈឺពោះនិងរាគរូស ទើបនាំឱ្យមានការសង្ស័យ ប៉ុន្តែដើម្បីឱ្យមានភាពច្បាស់លាស់ យើងក៏សម្រេចយកវត្ថុអង្គធាតុ ដើម្បីយកទៅមើល។ យើងត្រូវមានការប្រាកដប្រជា ព្រោះបញ្ហា COVID-19 នេះ ពេលខ្លះវាមានរោគសញ្ញាតិចតួចមែន ប៉ុន្តែវាក៏អាចមានវិជ្ជមាននៃវីរុសដែរ៕