សៀមរាប ៖ បុរសម្នាក់ជិតដល់ថ្ងៃចូលរោងការទៅហើយ គឺសល់តែរយៈពេលជាង១ខែទៀតប៉ុណ្ណោះ បាននាំនារីគូណ្តឹងរបស់ខ្លួនទៅជីកដំបូកធ្វើឡធ្យូង ស្រាប់តែដីដំបូកនេះបានបាក់សង្កត់ស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឲ្យនារីគូដណ្តឹងយំសោកបោកខ្លួនស្តាយជាខ្លាំង។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិ ត្រាំកង់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណិត ចាប ភេទប្រុស អាយុ២៣ឆ្នាំ ស្រុកកំណើតនៅភូមិជ្រាបចាស់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុខរបរកសិករ។ បច្ចុប្បន្នរស់នៅគោកត្រម៉េង ភូមិត្រាំកង់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបាននាំនារីគូណ្តឹងរបស់ខ្លូនមកកដីដំបូកយកមកធ្វើឡដុតធ្យូង នៅចំណុចគោកស្រែសាម៉ ខាងជើងភូមិ ចម្ងាយ១០០០ម៉ែត្រ ស្រាប់តែដីបាក់ធ្លាក់សង្កត់បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុនោះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្លែងស្ពាន បានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ និងបានពិនិត្យឃើញថា ជនរងគ្រោះពិតជាដីបាក់សង្កត់ស្លាប់ពិតប្រាកដមែន។ រួចហើយ សមត្ថកិច្ចក៏បានប្រគល់សពឲ្យគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ដោយឡែក នៅក្នុងធៀបការបានបញ្ជាក់ថា កូនប្រុសឈ្មោះចាប ជាគូនឹង កញ្ញាសុបា នឹងត្រូវចូលរោងការនៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ ហើយនឹងត្រូវធ្វើពិធីជប់លៀងនៅគេហដា្ឋនខាងស្រី នៅវេលាម៉ោង១១ថ្ងៃត្រង់ ភូមិតាមែង ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប៕