Monday, November 24, 2025
Homeព័ត៌មានជាតិមិនដឹងនៅទីណា ឃើញមេខម៉ែឪខលទៅមិនលើកទៀត កូនអើយកូន

មិនដឹងនៅទីណា ឃើញមេខម៉ែឪខលទៅមិនលើកទៀត កូនអើយកូន

ខេត្តត្បូងឃ្មុំ ៖ យុវតីរូបស្រស់ជាសិស្សសាលាម្នាក់មិនដឹងជាអាក់អន់ស្រពន់ចិត្តជាមួយក្រុមគ្រួសារ ឪពុកម្តាយពីរឿងអ្វី ក៏ស្រាប់តែនៅសុខៗក៏បានចុះចោលផ្ទះបាត់ខ្លួនអស់រយៈពេល៧ថ្ងៃមកហើយ ទោះជាឪពុកម្តាយខំតាមស្វែងរកយ៉ាងណាក៏មិនឃើញ ទើបធ្វើឱ្យឪពុកម្តាយភ័យព្រួយបារម្ភពីសុវត្ថិភាពកូនស្រី ក៏កាន់រូបថតប្រកាសតាមរកកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។

យុវតីដែលបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល៧ថ្ងៃមកហើយនេះ មានអាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១១ នៅវិទ្យាល័យមេមត់ មានលំនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តាមប្រភពពីឪពុកម្តាយរបស់យុវតីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់មិនបានជេរស្តីអ្វីទៅលើកូនស្រីសោះ ស្រាប់តែមិនដឹងថាហេតុអ្វីនៅសុខៗកូនស្រីក៏បានចេញបាត់ពីផ្ទះមិនឃើញត្រឡប់មកវិញសោះ ធ្វើឱ្យពួកគាត់ខំតាមស្វែងរកគ្រប់ច្រកល្ហក ប៉ុន្តែមិនមានដំណឹងបន្តិចណាសោះ សូម្បីតែទូរស័ព្ទកូនស្រីខលចូលហើយ ក៏នាងមិនព្រមទទួលដែរ មិនដឹងថា កូនស្រីមានបញ្ហាអ្វីនោះទេ។

ប្រភពដដែលបន្តថា គិតមកដល់ពេលនេះមានរយៈពេល១សប្តាហ៍ហើយ ដែលកូនស្រីបាត់ចេញពីផ្ទះដោយគ្មានមូលហេតុ មិនដឹងថាទៅជាមួយអ្នកណា សុខទុក្ខយ៉ាងណានោះទេ ទើបធ្វើឱ្យពួកគាត់ជាឪពុកម្តាយមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចកូនស្រីចាញ់ល្បិចបញ្ឆោត ឬការលួងលោមរបស់មិត្តភក្តិមិនល្អ នាំយកទៅធ្វើបាប។

ឪពុកម្តាយយុវតីខាងលើបានប្រកាសអំពាវនាវដល់កូនស្រី បើកូនបានឮហើយ ទោះខឹងឬអន់ចិត្តនឹងគ្រួសាររឿងអ្វី ក៏ម្តាយឪពុកមិនប្រកាន់ខឹងដែរ សំខាន់ឱ្យតែកូនវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព៕

RELATED ARTICLES