ខេត្តព្រះសីហនុ៖ នារាទេសចរណ៍ខ្នាតយក្ស ដែលផ្ទុកមនុស្សជាង២២០០នាក់ បានចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលប្រទស៥ បដិសេធមិនទទួលនោះឡើយ។
៥ប្រទេសដែលមិនអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សឈ្មោះ Westerdam មានដូចជា ៖ ថៃ ហ្វីលីពីន ជប៉ុន កោះហ្គាំ និងកោះតៃវ៉ាន់។

ការអនុញ្ញាតឲ្យនាវានេះចតនៅកំពង់ផែព្រះសីហនុ ខេត្តព្រះសីហនុ នេះ បន្ទាប់ពីកាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានថ្លៃងប្រាប់អ្នកសារព័ត៌មានថា “ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ”។

សម្តេចហ៊ុន សែន បន្តថា “ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន”។
សម្តេចបន្ថែមថា “យើងត្រូវសហការគ្នាទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារមនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ”។

សម្តេចបន្ថែមទៀតថា “បើគេមិនទទួលកម្ពុជាទទួល កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈមជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប ដោយស្មារតីទទួលខុសត្រូវ”។

ចំណែកលោកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសកម្ពុជា លោក W. Patrick Murphy បាន កោតសរសើរដល់កម្ពុជា ដែលបានអនុញ្ញាតឲ្យនាវា MS Westerdam របស់ក្រុមហ៊ុន Holland America Line ចូលចតនៅផែព្រះសីហនុ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Holland America Line និងអ្នកដំណើរដែលកំពុងស្ថិតនៅលើនាវា Westerdam បានសរសេរសារនៅលើ Facebook ដោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជា ដែលបានគាំទ្រ និងអនុញ្ញាតឲ្យកប៉ាល់របស់ខ្លួនបានចូលចតនៅកំពង់ផែព្រះសីហនុ ហើយបន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវា Westerdam ថា មនុស្សទាំងអស់លើកប៉ាល់មិនមានអ្នកណាម្នាក់មានជំងឺ ឬ រោគសញ្ញាណាមួយនៃជំងឺរលាកផ្លូវដង្ហើមថ្មី Covid-19 នោះទេ៕