ខេត្តកំពង់ធំ ៖ លោកលាង សួគ៌ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនស្ត្រីម្នាក់ ក្រោមបទចោទប្រកាន់ពីបទ “ក្លែងបន្លំឯកសារ និងឆបោក” ក្នុងសំណុំរឿងព្រហ្មទណ្ទលេខ៤៩៤ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ ជនត្រូវចោទបានរត់គេចខ្លួន ខណៈសមត្ថកិច្ចកំពុងតែដុតដៃដុតជើងស្រាវជ្រាវរកចាប់ខ្លួនមកទទួលទោសតាមច្បាប់។

យោងតាមដីការបស់សាលាដំបូងខេត្តកំពង់ធំ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ថា ស្ត្រីឈ្មោះស៊ឹម ម៉ាលី អាយុ៥៤ឆ្នាំ មានលំនៅភូមិក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន និងមានស្រុកកំណើតនៅភូមិក្រាំងក្រហម ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីឈ្មោះម៉ឹ ម៉ាលី បានក្លែងបន្លំឯកសារនិងបទប្រើប្រាស់ឯកសារសារធារណៈ ប្រព្រឹត្តនៅឃុំត្រពាំង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃ០៦ ខែឧសភា ឆ្នាំ២០១៤ រហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ មានចែងឱ្យផ្តន្ទាទោសលេខតាមមាត្រាច្បាប់ លេខ៦២៩, ៦៣០នៃក្រមព្រហ្មទណ្ឌ និងបទឆបោកប្រព្រឹត្តនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤។

រហូតដល់ថ្ងៃ១៣ ខែតុលា ឆ្នាំ២០១៩ បទល្មើសដែលមានចែងផ្តន្ទាទោសតាមមាត្រា៣៧៧, ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងបទកំហែងយក និងបទសម្លុតសាក្សី ប្រព្រឹត្តនៅភូមិត្រពាំងចម្បក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃ១៧ ខែសីហា ឆ្នាំ២០១៩ ដែលមានចែងឱ្យផ្តន្ទាទោស៣៦៣, ៣៦៤, ៥៤៦ នៃក្រមព្រហ្មទណ្ឌ៕