ភ្នំពេញ ៖ ក្មេងស្រីរូបស្រស់សញ្ជាតិខ្មែរ-អាមេរិកម្នាក់ នៅសុខៗក៏បានចាកចេញពីផ្ទះបាត់ខ្លួនអស់រយៈពេលជាង១០ថ្ងៃ ទោះជាក្រុមគ្រួសារខំតាមស្វែងរកយ៉ាងណា ក៏មិនមានដំណឹងសោះ ជាហេតុធ្វើឱ្យឪពុកម្តាយកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។
កេμងស្រីដែលបាត់ខ្លួនខាងលើ មានឈ្មោះគីម ចន្នីវ៉េតម៉េន ហៅនី អាយុ១៣ឆ្នាំ សញ្ជាតិខ្មែរ-អាមេរិក សព្វថ្ងៃស្នាក់នៅរាជធានីភ្នំពេញ។
យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់អង្គការ Child Protection Unit ហៅកាត់ CPU បានបញ្ជាក់ឱ្យដឹងថា “គីម ចន្នីវ៉េតម៉េន ហៅនី អាយុ១៣ឆ្នាំ កើតថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៦ សញ្ជាតិខ្មែរ-អាមេរិក កម្ពស់១,៦០ម៉ែត្រ ទំងន់៤០គីឡូក្រាម បានចេញពីផ្ទះនៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០”។

គណនីហ្វេសប៊ុកដដែល បានបន្តថា “ចន្នី ត្រូវបានឃើញជាលើកចុងក្រោយពេលកំពុងចេញពីផ្ទះនៅទីក្រុងភ្នំពេញ វេលាម៉ោង៨និង៣០នាទីព្រឹក កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។ យើងបានទទួលព័ត៌មានបន្ថែមថា នាងអាចបានធ្វើដំណើរទៅខេត្តបាត់ដំបង ឬតំបន់ទីក្រុងប៉ោយប៉ែត។ យើងមានការព្រួយបារម្ភពីសុវត្ថិភាព និងសុខមាលភាពរបស់នាង។
ប្រសិនបើមានដំណឹងពីក្មេងស្រីនេះ សូមរាយការណ៍ដល់នគរបាលជាតិកម្ពុជា ឬ CPU តាមលេខទូរស័ព្ទ ០៧៧ ២៤៧ ២៤៧ (ខ្មែរ) និង ០៧១ ៩៨១ ០៩៨១ (អង់គ្លេស)៕