ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់ភ្លាមៗ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៥១ ស្ថិតក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល។
បើតាមសមត្ថកិច្ចនគរបាល បានឱ្យដឹងថា នារីរងគ្រោះឈ្មោះម៉ី វិច្ឆិកា ហៅរីណា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកចាក់ភ្លេងខារ៉ាអូខេ ស្នាក់នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ចំណែកជនសង្ស័យដែលត្រូវសមត្ថិច្ចឃាត់ខ្លួនបាន រួមមាន៖
១.ឈ្មោះសាក់ ផៃរ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ នៅភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាអ្នកបើកម៉ូតូ)។
២.ឈ្មោះរស់ មករា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកឆក់)។
វត្ថុតាងដកហូតបាន ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ គ្មានស្លាកលេខ លេខតួនិងលេខម៉ាស៊ីន៩៤៩៩៣១៤ ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។ ទូរស័ព្ទចំនួន៣គ្រឿង ក្នុងនោះ ម៉ាកអិនចុចពិល១គ្រឿង ម៉ាក OPPO (A5S) ចំនួន០២គ្រឿង។

សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរពីហាងជួបហេង មកផ្ទះតាមផ្លូវជាតិលេខ៥១ លុះជិតដល់បន្ទប់ជួល ស្រាប់តែជនសង្ស័យជិះម៉ូតូមកដល់ឆក់ទូរស័ព្ទ រួចជិះរត់គេចទៅតាមផ្លូវលេខ៤១។ ភ្លាមៗនោះ ជនរងគ្រោះស្រែកឱ្យអ្នកដំណើរតាមផ្លូវជិះដេញចាប់បាននៅផ្លូវលេខ៤១ ហើយយកមកប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសាក់ ផៃរ័ត្ន បានសារភាពថា ខ្លួនជាអ្នកបើកម៉ូតូ ឯឈ្មោះរស់ មករា ជាអ្នកឆក់។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយនឹងវត្ថុតាង ត្រូវបាននាំទៅកាន់អធិការដ្ឋាន ដើម្បីបន្តនីតិវិធី៕