ភ្នំពេញ ៖ បុរសម្នាក់បាននាំប្រពន្ធកូនរបស់ខ្លួនចេញពីស្រុកកំណើតមកភ្នំពេញរកការងារធ្វើ និងទើបបានចូលធ្វើការនៅអគារសំណង់១កន្លែងនៅថ្ងៃដំបូង ក៏ស្រាប់តែជួបគ្រោះអកុសលរអិលជើងធ្លាក់ចុះពីលើជាន់ទី៣ មកដល់ដីបោកផ្ទប់នឹងថ្ម បណ្តាលឱ្យរងរបួសរបួសយ៉ាងធ្ងន់។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចអគារការដ្ឋានកំពុងសាងសង់មួយកន្លែងរបស់ក្រុមហ៊ុន CAM PAINT ថ្នាំពណ៌ជាតិ មានទីតាំងស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
បុរសរងគ្រោះដែលធ្លាក់ចុះពីលើអគារសំណង់ជាន់ទី៣ រងរបួសយ៉ាងធ្ងន់ មានឈ្មោះសឿ កួន អាយុ៤០ឆ្នាំ មុខរបរកមμករសំណង់ មានស្រុកកំណើតនៅភូមិប៉ោយស្មាច់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបាននាំប្រពន្ធ និងកូន៣នាក់ ធ្វើដំណើរចេញមកពីស្រុកកំណើត ដើម្បីមករកការងារធ្វើនៅភ្នំពេញ។ លុះមកដល់ក៏បានចូលធ្វើការនៅការដ្ឋានសំណង់អគាររបស់ក្រុមហ៊ុន CAM PAINT ខាងលើ ថ្ងៃទី១ប៉ុណ្ណោះ ស្រាប់តែមកជួបគ្រោះអកុសលបែបនេះតែម្តង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅធ្វើការសំណង់នៅជាន់ទី៣ លុះមកដល់វេលាម៉ោងកើតហេតុ ទំនងជាជនរងគ្រោះកើតមានអាការងងឹតមុខ ទើបធ្វើឱ្យរអិលជើងធ្លាក់ចុះពីជាន់ទី៣ បោកក្បាលនឹងថ្មបណ្តាលឱ្យរងរបួសធ្ងន់បែបនេះតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យដល់ទីតាំងកើតហេតុ និងប្រញាប់ទាក់ទងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះជីវិត។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការពិនិត្យ និងសាកសួរសាក្សីនៅកន្លែងកើតហេតុ ឃើញថា ជនរងគ្រោះពិតជារអិលជើងធ្លាក់ពីលើជាន់ទី៣ដោយខ្លួនឯងមែន ដោយជនរងគ្រោះទើបនឹងចូលធ្វើថ្ងៃដំបូង ក៏ជួបហេតុការណ៍បែបនេះតែម្តង៕