ភ្នំពេញ ៖ រោងប្រក់ស័ង្កសីមួយកន្លែងត្រូវអគ្គីភ័យឆាបឆេះ បណ្តាលឱ្យខូចខាតតូបទាំងអស់ប្រហែល៣០តូប បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅចំណុចដីឡូត៍ក្រុមទី២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

តាមរបាយការណ៍បានឱ្យដឹងថា ម្ចាស់រោងដីឡូត៍មានឈ្មោះចាន់ ធូ ភេទស្រី អាយុ៦០ឆ្នាំ ជាប្រភេទសំណង់រោងប្រក់ស័ង្កសី ទំហំ១៥ម៉ែត្រគុណនឹង២៥ម៉ែត្រ និងបណ្តាលឱ្យឆេះខូចខាតឆេះតូបទាំងអស់ប្រហែល៣០តូប និងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាង និងគ្មានមនុស្សស្លាប់និងរបួសឡើយ។ ចំពោះមូលហេតុ សមត្ថកិច្ចបានឱ្យដឹងថាកំពុងស្រាវជ្រាវ ។

ក្នុងការឆាបឆេះនេះដែរ ក៏មានរថយន្តការិយាល័យអគ្គិភ័យចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២ឡាន ស្មើនឹង៤៨ម៉ែត្រគូប រថយន្តជំនួយអគ្គិភ័យរបស់កងរាជអាវុធហត្ថចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤ឡានស្មើនឹង១៦ម៉ែត្រគូប និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន ស្មើនឹង៨ម៉ែត្រគូប ហើយបានពន្លត់ចប់នៅម៉ោង៥និង៤០នាទីព្រឹកថ្ងៃដដែល៕


