Monday, November 24, 2025
Homeព័ត៌មានជាតិដឹងខ្លួនខុស ចុងក្រោយចូលខ្លួនសារភាពក្នុងប៉ុស្តិ៍ប៉ូលិស

ដឹងខ្លួនខុស ចុងក្រោយចូលខ្លួនសារភាពក្នុងប៉ុស្តិ៍ប៉ូលិស

ភ្នំពេញ ៖ យុវជនម្នាក់កំពុងអង្គុយរៀននៅក្នុងសាលាសុខៗ ក៏ស្រាប់តែត្រូវយុវជនម្នាក់ រួមនឹងបក្ខពួកម្នាក់ទៀតបានចូលមករករឿងវាយ និងថែមទាំងផ្ញើរូបកាំភ្លើងតាមឆាតមកគំរាមថែមទៀត ដោយចោទប្រកាន់ថា យុវជនរូបនេះបានញ៉ែសង្សាររបស់គេ ជាហេតុធ្វើឱ្យយុវជនរងគ្រោះមានការភ័យខ្លាចរត់មកប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ទីបំផុតជនបង្កបានចូលខ្លួនមកសារភាពកំហុសនៅចំពោះមុខសមត្ថកិច្ច។

ករណីអំពើហិង្សានិងគំរាមខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅចំណុចថ្នាក់រៀនក្នុងសាកលវិទ្យាល័យ លីម កុកវីង ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។

លុះមកដល់វេលាយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២០ ជនបង្កបានចូលខ្លួនមកសារភាពកំហុសនៅប៉ុស្តិ៍នគរបាល និងត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

យុវជនរងគ្រោះមានឈ្មោះហម សុវណ្ណារ៉ា អាយុ១៨ឆ្នាំ មុខរបរជានិស្សិតរៀននៅសាកលវិទ្យាល័យ លីម កុកវីង មានលំនៅក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។ ចំណែកជនបង្កត្រូវបានជនរងគ្រោះអះអាងថា មាន ឈ្មោះហេង គឹមហួត អាយុ២១ឆ្នាំ មុខរបរសិស្សសាលា មានលំនៅផ្ទះលេខ ៤៣៨E0 ផ្លូវ៣៤៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក និងបក្ខពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។

តាមសម្តីយុវជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ដំបូងឡើយខ្លួនកំពុងអង្គុយរៀននៅក្នុងថ្នាក់នៃសាកលវិទ្យាល័យ លីម កុកវីង សុខៗស្រាប់តែលេចមុខក្មេងទំនើងឈ្មោះហួត និងបក្ខពួកម្នាក់ទៀតបានឡើងដល់ជាន់ទី៧ ដោយនិយាយជាមួយខ្លួនថា “ហែងឈ្លើយណាស់” រួចក៏ចាប់ច្របាច់ក ហើយរុញជនរងគ្រោះអឹបនឹងទ្វារ រួចវាយ៣ដៃចំភ្នែកខាងឆ្វេងនិងចំផ្ទៃមុខ បែកវ៉ែនតា ហើយចុះទៅក្រោមបាត់។

លុះដល់វេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃដដែល ជនទំនើងឈ្មោះហួត បានផ្ញើរូបភាពកាំភ្លើង តាមឆាតមកខ្លួនគំរាមថែមទៀត ទើបជនរងគ្រោះប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តាមចាប់ក្មេងទំនើងទាំងនេះយកមកផ្តន្ទាទោសតាមច្បាប់ ដោយពេលនេះក្រុមគ្រួសារបារម្ភពីសុវត្ថិភាពរបស់ជនរងគ្រោះណាស់។

យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌនៃអធិការខណ្ឌ៧មករា បានបញ្ជាក់ឱ្យដឹងថា យុវជនទំនើង ដែលបានវាយនិងផ្ញើរូបកាំភ្លើងទៅគំរាមជនរងគ្រោះម្នាក់នៅសាកលវិទ្យាល័យ លីម កុកវីង នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយកាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ដោយមានការឯកភាពពីលោកឡុង ជៀប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបន្ទាប់ពីយុវជនរូបនេះ បានចូលខ្លួនសារភាពកំហុសនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់មនោរម្យ ជាមួយការសុំជួសជុល សំណងផ្លូវចិត្តដែលរូបគេបានប្រព្រឹត្តកំហុសលើជនរងគ្រោះ។

លោកវរសេនីយ រស់ ស៊ីណា អធិការរងនគរបាលខណ្ឌ៧មករា បានឱ្យបញ្ជាក់ប្រាប់ថា មានយុវជន២នាក់បានឡើងទៅដល់ថ្នាក់រៀនក្នុងសាកលវិទ្យាល័យលីម កុកវីង រួចបានប្រើអំពើហិង្សាលើសិស្សប្រុសដែលរៀននៅទីនោះដោយសារតែកំហឹងញ៉ែសង្សាររបស់គេ។

លោកអធិការរងបានបញ្ជាក់ថា បន្ទាប់ពីប្រព្រឹត្តហិង្សារួច ជនរូបនេះបានប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម ដោយផ្ញើរូបកាំភ្លើងមកគំរាមជនរងគ្រោះបន្ថែមទៀតផង។

ជនបង្កខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES