ខេត្តសៀមរាប ៖ ស្ត្រីជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ត្រូវបានសមត្ថកិច្ចជំនាញ នាំខ្លួនមកធ្វើការសាកសួរ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត ជុំវិញករណីវីរុសកូរ៉ូណា ដែលបង្កឱ្យមានភ័យខ្លាច និងយល់ច្រឡំដល់ប្រជាពលរដ្ឋ។
ស្ត្រីដែលបង្ហោះព័ត៌មានមិនពិតខាងលើ មានឈ្មោះកាន់ សុភ័ក្រ អាយុ១៩ឆ្នាំ មុខរបរជាងអ៊ុតសក់ មានលំនៅផ្ទះលេខ៥ ភូមិតាព្រហ្ម ឃុំសង្វើយ ស្រុកជីក្រែង ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Sopheak Love។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខ បានដឹកនាំកម្លាំងរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បាននាំខ្លួនស្ត្រីម្នាក់ឈ្មោះកាន់ សុភ័ក្រ ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Sopheak Love ចែកចាយនិងផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋពាក់ព័ន្ធករណីឆ្លងជំងឺរលាកសួត ដោយវីរុសកូរ៉ូណា។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីខាងលើបានចេញមុខមកសារភាពកំហុសរបស់ខ្លួន និងបានសន្យាថា ឈប់ចែកចាយព័ត៌មានប្រឌិតបែបនេះទៀតហើយ។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានបញ្ជាក់ថា ក្រៅពីស្ត្រីម្នាក់ខាងលើនេះ កម្លាំងផែនការងារសន្តិសុខ បានឃាត់ខ្លួនអ្នកផ្សេងចំនួន២នាក់ ដែលបានចែកចាយព័ត៌មានប្រឌិត ពាក់ព័ន្ធនឹងការរកឃើញមានជំងឺរលាកសួតកូរ៉ូណា ក្នុងខេត្តសៀមរាប រួមមានទី១-ឈ្មោះម៉ែន ចាន់នឿន ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះអ៊ឹង ជិងសេរីរតនៈ ភេទស្រី អាយុ២០ឆ្នាំ ដែលពួកគេជាបុគ្គលិកក្រុមហ៊ុនទេសចរណ៍ ពួកគេក៏បានមកសារភាពកំហុសចំពោះមុខសមត្ថកិច្ចកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០កន្លងទៅដែរ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ទៀតថា ពួកគេទាំង៣នាក់បានសន្យានៅចំពោះមុខសមត្ថកិច្ចថា នឹងមិនបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបណ្តាលឱ្យមានការចលាចលដល់ប្រជាជនក្នុងខេត្តសៀមរាប និងប្រជាពលរដ្ឋទូទាំងប្រទេសទៀតឡើយ។ ក្រោយធ្វើកិច្ចសន្យារួច អ្នកទាំង៣នាក់ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

សូមជម្រាបថា នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ អាជ្ញាធរខេត្តសៀមរាប បានចេញមកបំភ្លឺថា ពុំទាន់រកឃើញមានករណីជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-CoV) ណាមួយនៅក្នុងទឹកដីរបស់ខ្លួនឡើយ។
លោកស្នងការរងក៏បានសំណូម និងអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រើប្រាស់បណ្តាញសង្គមឱ្យបានត្រឹមត្រូវ មិនត្រូវបង្ហោះឬចែកចាយ (share) ព័ត៌មានមិនពិត ឬប្រឌិតដែលមិនមានប្រភពច្បាស់លាស់ ធ្វើឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលនាំឱ្យជាអំពើខុសច្បាប់មានទោស៕