ភ្នំពេញ ៖ យុវតីជាសិស្សសាលាភាសាកូរ៉េម្នាក់ ខណៈកំពុងអង្គុយរៀនសុខៗស្រាប់តែមិនដឹងជាកើតមានអាការអ្វីក៏ដួលសន្លប់បាត់មាត់ឈឹង ធ្វើឱ្យកើតមានការផ្អើលឆោឡោពេញសាលា រាយការណ៍សុំអន្តរាគមន៍ពីរថយន្តសង្គ្រោះរបស់កងពលតូច៧១១ ចុះមកជួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅចំណុចក្នុងសាលាភាសាកូរ៉េមួយកន្លែង ស្ថិតនៅតាមមហាវិថីឈ្នះឈ្នះ ក្នុងភូមិស្រែតេជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

យុវតីដែលដួលសន្លប់ខាងលើ មានឈ្មោះបុណ្យ មួយលី អាយុ២១ឆ្នាំ ជាសិស្សរៀននៅសាលាភាសាកូរ៉េខាងលើ ស្នាក់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងមានស្រុកកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា យុវតីរងគ្រោះធ្លាប់កើតមានជំងឺបេះដូង ហើយកាលពីពេលកន្លងមកនាងធ្លាប់ដួលសន្លប់ជាច្រើនលើកមកហើយ ពោលគឺកាលណាដែលនាងទទួលអារម្មណ៍សប្បាយរំភើបខ្លាំង គិតច្រើន ឬភ័យខ្លាំង តែមិនធ្លាប់មានបញ្ហាអ្វីធ្ងន់ធ្ងរដូចលើកនេះទេ ព្រោះគ្រាន់តែជួយគក់ច្របាច់ លាបប្រេងខ្យល់ ប្រេងកូឡាបន្តិច ក៏ដឹងខ្លួនឡើងវិញហើយ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលយុវតីរូបនេះកំពុងអង្គុយរៀនសុខៗក៏ស្រាប់តែដួលសន្លប់បាត់មាត់ឈឹង និងត្រូវបានមិត្តភក្តិ និងលោកគ្រូអ្នកគ្រូ ជួយគក់ច្របាច់ដូចរាល់ដងដែរ តែមិនដឹងខ្លួនសោះ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលប្រញាប់ហៅរថយន្តសង្គ្រោះកងពលតូច៧១១ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះភ្លាមៗតែម្តង៕