បន្ទាប់ពីការផ្ទុះឡើងករណីវីរុសកូរ៉ូណា ដែលធ្វើឲ្យប្រជាជនស្លាប់ជិត២០០នាក់ និងអ្នកឆ្លងឡើងជិត១០០០០មុឺននាក់នោះ ប្រជាពលរដ្ឋកម្ពុជាជាច្រើនកំពុងព្រួយបារម្ភ និងស្នើសុំរាជរដ្ឋាភិបាលបិទជើងហោះហើរពីប្រទេសចិន ប៉ុន្តែសម្តេចហ៊ុន សែន ក៏បានបញ្ជាក់ថា មិនមានការបិទជើងហោះហើរ ក៏ព្រោះតែមូលហេតុ៥យ៉ាងនេះ។

ក្នុងពេលអញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) កាលពីព្រឹកមិញថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជម្រាបជូនជាផ្លូវការអំពីការសម្រេចមិនចាំបាច់បិទជើងហោះហើរតាមអាកាស តាមកប៉ាល់ទឹក តាមផ្លូវគោក ពីចិនមកកម្ពុជា ដោយមូលហេតុថាៈ

១. ចិនជាដៃគូវិនិយោគពាណិជ្ជកម្ម និងទេសចរ ដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិរីកចម្រើន។
២. ពលរដ្ឋខ្មែរ និងពាណិជ្ជករខ្មែរ ទទួលបាននូវការងារនិងផលប្រយោជន៍វិនិយោគច្រើនពីទំនាក់ទំនងល្អរវាងចិន-កម្ពុជា។
៣.មានសិស្ស និងនិស្សិតខ្មែរជាច្រើនដែលទទួលបានអាហារូបករណ៍កំពុងសិក្សា និងរស់នៅក្នុងប្រទេសចិន។
៤. មានការដឹកជញ្ជូនផ្លាស់ប្តូរទំនិញជាច្រើននាំចេញ និងនាំចូលមកកម្ពុជា ដែលកំពុងបម្រើការទីផ្សារ។
៥. ទំនាក់ទំនងល្អរវាងកម្ពុជា-ចិន កំពុងស្ថិតនៅក្នុងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ។

សម្តេចបានបន្តថា ប្រសិនបើកម្ពុជាសម្រេចបិទជើងយន្តហោះ ឬតាមផ្លូវទឹក និងផ្លូវគោក នៅពេលនេះ គឺស្មើនឹងកម្ពុជារត់ចោលមិត្តក្នុងគ្រាមានអាសន្ន រីឯកំពស់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរក៏នឹងធ្លាក់ចុះ វិស័យវិនិយោគពាណិជ្ជកម្ម ទេសចរណ៍ និងសេវាកម្មជាច្រើនទៀតនឹងត្រូវជាប់គាំង ហើយចំនួននិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនក៏នឹងធ្លាក់ចុះផងដែរ។

តាមព័ត៌មានគឺបង្ហាញថា ជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណាបានឆ្លងទៅប្រទេសមួយចំនួននៅជុំវិញប្រទេសយើង ហើយសូម្បីតែនៅសហរដ្ឋអាមេរិកក៏មានឆ្លងដែរ។ បើយើងសម្រេចបិទជើងយន្តហោះពីចិន ក៏យើងត្រូវតែបិទជើងយន្តហោះមកពីប្រទេសផ្សេងៗទាំងអស់ដើម្បីធានាកុំអោយមេរោគនេះចូលមកកម្ពុជាបាន។
ការធ្វើបែបនេះ គឺនឹងស្មេីនឹងកាត់ផ្តាច់កម្ពុជាខ្លួនឯងអោយនៅឯកា ហើយនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ម៉ាក្រូសេដ្ឋកិច្ច គឺធ្វើបែបនេះអត់ត្រូវទេ៕