អំឡុងពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កំពុងថ្លែងសារអំពីស្ថានភាពជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅក្នុងប្រទេសកម្ពុជា សម្តេចក៏បានឆ្លៀតប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មានឲ្យបើកសាលាបង្រៀនក្រុម KO1 ដើម្បីឲ្យដឹងពីវិជ្ជាជីវៈអ្នកសារព័ត៌មាន ខណៈដែលលោក K01បានធ្វើការ Live Video ដោយបានពាក់ម៉ាសក៍ផង ពាក់អាវភ្លៀងផង សម្ភាសន៍គ្រូពេទ្យពីករណីដែលមានជនជាតិចិនបានឆ្លងវីរុសកូរ៉ូណា ចូលមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សម្តេចបានថ្លែងសារថា “K01 គួរទៅរៀនពីវិជ្ជាជីវៈអ្នកសារព័ត៌មាន ហើយរដ្ឋមន្ត្រីក្រសួងព័ត៌មានគួរតែបើកសាលាបង្រៀនក្រុម K01 ទាំងអស់ផងៗ។ មិនថា ក្រុមK01 មាន១០០០ ឬ១០០០០ នៅតែមិនអាចបំពុលសង្គម បើយើងទុកចិត្តខ្លួនឯង។

សម្តេចហ៊ុន សែន បានក៏រំលឹកពីករណីបាក់អគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ ដែល K01 មិនអាចចូលថត Live Video ផងដែរ ដោយសារតែលោក K01 និយាយតែផ្តេសផ្តាស។

យ៉ាងណា បន្ទាប់ពី Live Video បំផុសរឿងដែលមានជនជាតិចិនបានឆ្លងវីរុសកូរ៉ូណា ចូលមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនោះ កាលពីយប់មិញនេះ លោក K01 បានធ្វើការសុំទោស៣ចំណុច ៖
១. ខ្ញុំបាទសូមអភ័យទោសចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ជាសាធារណៈចំពោះការខុសឆ្គងនេះ។
២. ខ្ញុំបាទសូមសន្យាថា នឹងពុំមានការផ្សព្វផ្សាយនូវព័ត៌មានណាដែលពុំមានប្រភពច្បាស់លាស់ ពិសេសព័ត៌មានដែលរសើបធ្វើឲ្យប៉ះពាល់ដល់សង្គមទៀតឡើយ។
៣. ចំពោះព័ត៌មានអំពីស្ថានភាពជំងឺឆ្លងប្រភេទវីរុសកូរ៉ូណានេះ សូមតាមដានតាមផេកផ្លូវការរបស់ក្រសួងសុខាភិបាល ចៀសវាងទទួលបានព័ត៌មានមិនពិត និងគ្មានប្រភពច្បាស់លាស់៕