Monday, November 24, 2025
Homeព័ត៌មានជាតិចាំផ្លូវប្រពន្ធកូន ឡើងអង្គុយលើដងសន្ទូច ឲ្យគេភ័យគ្រប់គ្នា

ចាំផ្លូវប្រពន្ធកូន ឡើងអង្គុយលើដងសន្ទូច ឲ្យគេភ័យគ្រប់គ្នា

ភ្នំពេញ ៖  បុរសជាកម្មករសំណង់ម្នាក់ត្រូវបានប្រពន្ធនាំកូនស្រី២នាក់ចុះចោលអស់រយៈពេល៣ឆ្នាំមកហើយ ធ្វើឱ្យខូចចិត្តចេះតែទន្ទឹងចាំផ្លូវប្រពន្ធកូនវិលវិញមិនឈប់ រហូតដល់ចុងក្រោយបានរត់ឡើងលើដងសន្ទូចការដ្ឋានមួយកន្លែង ធ្វើឱ្យមានការភ្ញាក់ផ្អើលនឹកស្មានថា ចង់គិតខ្លីលោតសម្លាប់ខ្លួន លុះសមត្ថកិច្ចចុះអន្តរាគមន៍នាំយកមកសួរនាំ បែរជាឆ្លើយថា ឡើងទៅចាំមើលផ្លូវប្រពន្ធកូន។

ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់ស្ពានអាកាសចោមចៅ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសខាងលើមានឈ្មោះរួន ឈីត អាយុ៣១ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុនៅសុខៗក៏ស្រាប់តែមានគេប្រទះឃើញជនរងគ្រោះខាងលើបានឡើងទៅលើដងសន្ទូចត្រង់ចំណុចកើតហេតុខាងលើ ទើបធ្វើឱ្យមានការផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ ព្រោះសង្ស័យថា ជនរងគ្រោះជាមនុស្សបែកថ្នាំកំពុងប៉ុនប៉ងលោតសម្លាប់ខ្លួន។ ភ្លាមៗនោះសមត្ថកិច្ចក៏បានចុះអន្តរាគមន៍ជួយបញ្ចុះបញ្ជូលហៅជនរងគ្រោះឱ្យចុះមកក្រោមវិញ ដើម្បីសួរនាំរកហេតុផល។

តាមសម្តីបុរសខាងលើបានរៀបរាប់ប្រាប់ថា រូបគាត់មានប្រពន្ធនិងមានកូនស្រី២នាក់ តែក្រោយមក គ្រាដែលគាត់ចេញទៅធ្វើការងាររកលុយដើម្បីគ្រួសារនៅឯប្រទេសថៃ ស្រាប់តែប្រពន្ធបានសុំលែងលះ បន្ទាប់មកប្រពន្ធក៏បានយកទាំងកូន២នាក់ទៅបាត់អស់ គិតមកដល់ពេលនេះមានរយៈពេល៣ឆ្នាំមកហើយ។

បុរសដដែលបន្តថា ប្តីប្រពន្ធគាត់គ្មានរឿងរកាំរកូសអ្វីនឹងគ្នាសោះ ហើយគាត់ប្រឹងធ្វើចំណាកស្រុក ចេញទៅស៊ីឈ្នួលគេនៅស្រុកថៃ ឃ្លាតឆ្ងាយប្រពន្ធកូនក៏ដើម្បីរកលុយផ្គត់ផ្គង់ជីវភាពដែរ តែមិនគួរមកជួបរឿងបែកបាក់គ្រួសារទាំងគ្មានហេតុផលបែបនេះសោះ។

ហើយក្រោយពីបែកបាក់គ្នាមក គាត់នៅប្រកបការងារនៅទីក្រុងភ្នំពេញ ធ្វើជាជាងសំណង់ ដោយនឹកឃើញស្រណោះខ្លួនខ្សែជីវិតមិនគួរណាជួបគ្នាត្រឹមបានកូន២នាក់បែកគ្នាទៅវិញ ទើបព្យាយាមសម្រុះសម្រួលផ្តុំផ្សំផ្គុំស្នេហ៍ឡើងវិញ តែភាគីខាងប្រពន្ធម្តងបែបនេះម្តងបែបនោះ ហើយក្រោយពីអតីតប្រពន្ធផ្តល់ព័ត៌មានមកថា ឱ្យរង់ចាំសិន។

ទើបនៅព្រឹកថ្ងៃទី២៩ ខែមករានេះ ខ្លួនត្រេកអរពេក ហេតុតែអន្ទះសារចង់ឃើញមុខប្រពន្ធកូន ទើបដើរឡើងលើដងសន្ទូចនៅកន្លែងការដ្ឋាន ដើម្បីរង់ចាំប្រពន្ធ។

តាមសម្តីរៀបរាប់របស់បុរសខាងលើ ឃើញថា បុរសរូបនេះមិនមែនជាមនុស្សបែកថ្នាំដូចអ្វីដែលអ្នកឃើញហេតុការណ៍សន្និដ្ឋាននោះទេ តែបុរសរូបនេះកំពុងខូចចិត្ត ព្រោះតែវិបត្តិស្នេហ៍បែកបាក់ប្រពន្ធកូន។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំបុរសខាងលើទៅសួរនាំនៅប៉ុស្តិ៍ និងផ្តល់បាយទឹកឱ្យហូប រួចទាក់ទងទៅសាច់ញាតិមកទទួលយកត្រឡប់ទៅស្រុកកំណើតវិញ៕

RELATED ARTICLES