ភ្នំពេញ ៖ នារីវ័យក្មេងជាកម្មករសំណង់ម្នាក់ដល់ម៉ោងឈប់សម្រាកពីការងារ ក៏ជិះម៉ូតូស៊េរីឆ្នាំ២០២០ មួយគ្រឿង ចេញទៅរកទិញម្ហូប ស្រាប់តែត្រូវជនសង្ស័យម្នាក់ជិះម៉ូតូកញ្ចាស់១គ្រឿង ជិះមកកៀរឱ្យឈប់ រួចដកកាំភ្លើងខ្លីភ្ជង់គំរាមប្លន់យកម៉ូតូទៅបាត់ ដោយបន្សល់ទុកម៉ូតូកញ្ចាស់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍ភ្ជង់ប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមសម្តីនារីរងគ្រោះ ជាកម្មការិនីធ្វើការនៅការដ្ឋានសំណង់ជីបម៉ុង បានឱ្យដឹងថា មុនពេលកើតហេតុ នាងបានជិះម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1ID-7354 មកទិញម្ហូបហូបបាយនៅចំណុចផ្លូវ៣៧១ ព្រោះជាម៉ោងសម្រាកការងារដែលមានចម្ងាយប្រហែលជា២០០ម៉ែត្រ។

លុះត្រឡប់មកវិញស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្មាស់តែម្នាក់ឯង គ្មានពាក់ស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លីភ្ជង់ប្លន់យកម៉ូតូពីនាងបានសម្រេច ដោយបន្សល់ទុកម៉ូតូរបស់ជនសង្ស័យម៉ាកស្មាស់ ស្រោមកាំភ្លើង និងមួកការពារសុវត្ថិភាពពណ៌ក្រហម១នៅទីតាំងកើតហេតុ រួចប្រញាប់ជិះម៉ូតូថ្មីដែលទើបប្លន់បានគេចខ្លួនបាត់ស្រមោលតែម្តង។

ភ្លាមៗនគរបាលព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យជាច្រើននាក់បានចេញមកព្រមគ្នាចុះដល់ទីតាំងកើតហេតុ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់ទៅហើយ ។

ក្រោយកើតហេតុ នារីរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើតែប៉ុណ្ណោះ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់៕