Thursday, July 3, 2025
Homeតារាខ្មែរមាស សុខសោភា បានត្រឹមស្រមៃ មិនអាចក្លាយជាការពិត?

មាស សុខសោភា បានត្រឹមស្រមៃ មិនអាចក្លាយជាការពិត?

តារាចម្រៀងមាស សុខសោភា បានសន្យាធ្វើរឿងមួយនៅដើមឆ្នាំ២០២០នេះ ដែលគ្រប់គ្នារង់ចាំអ៊ុតមើលឡើងផ្សាភ្នែកទៅហើយ ព្រោះតែគេម៉ៃថា គ្មានអ្វីក្រៅពីសោភា ដឹកដៃគូស្នេហ៍លោកអ៊ឹត រ៉ាដា ចូលរោងការនោះឡើយ បើទោះជាអ្នកចម្រៀងថោន រូបនេះ មិនដែលបញ្ជាក់ឱ្យច្បាស់ពីរឿងចូលរោងការក្តី។

ប៉ុន្តែអ្វីដែលមហាជនស្រងាកចិត្តនោះ គឺនៅពេលនេះ សោភា នៅតែរារែកចិត្តពីរឿងក្រាបផ្ទឹមនោះដដែល ហើយនាងមិនបានដឹកដៃគូស្នេហ៍ទៅថត Pre-Wedding ដូចគូស្នេហ៍តារាដទៃឡើយ ប៉ុន្តែបែរជានាងទៅថតសម្អាងការឱ្យហាងមួយ ដោយចាប់ដៃជាមួយតារាប្រុសផ្សេង មិនមែនជាស្វាមីរបស់នាងទៅវិញ។

តាមរយៈរូបថតនោះបញ្ជាក់ថា ការចង់រៀបការរបស់មាស សុខសោភា គឺបានត្រឹមតែក្តីស្រមៃប៉ុណ្ណោះ ព្រោះរូបភាពពិតនាងនៅតែមិនអាចធ្វើវាឱ្យចេញជារូបរាងបានដដែល បើទោះជានាងនិងគូស្នេហ៍បានស្វែងយល់ចិត្តគ្នារយៈពេលជិត១៣ឆ្នាំទៅហើយក្តី។

មនុស្សជាច្រើនគិតថា ការលុបចោលមង្គលការរបស់មាស សុខសោភា តាំងពីឆ្នាំ២០០៩ ដែលមានរយៈពេល១១ឆ្នាំទៅហើយនោះ គ្មានកត្តាអ្វីផ្សេង ក្រៅពីនាងខ្លាចរៀបការហើយធ្លាក់កូដបាត់បង់ប្រជាប្រិយភាពនោះទេ។

ប៉ុន្តែសោភា បានប្រាប់អ្នកយកព័ត៌មានយើងថា មិនមែនជាហេតុផលនេះទេ ព្រោះរាល់ថ្ងៃអ្នកណាក៏បានដឹងថា នាងកំពុងតែរស់នៅជាមួយអ្នកណាដែរ។ ជួនកាលនាងថា អាចរៀបការ២ឬ៣ឆ្នាំខាងមុខនេះទៀត ប៉ុន្តែចុងក្រោយនាងបែរជាថា អត់ចង់រៀបការជាចំហទៅវិញ តែនឹងធ្វើរឿងមួយឱ្យគេភ្ញាក់ផ្អើលនាពេលឆាប់ៗខាងមុខនេះ ដែលការបង្ហើបបែបនេះធ្វើឱ្យមហាជនយល់ថា សោភា ចង់រៀបការតែមិនចង់ប្រកាសមុន ព្រោះនាងចង់ធ្វើឱ្យគេភ្ញាក់ផ្អើល។

មាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយលោកគ្រូពេទ្យអាណិកជនខ្មែរ នៅកាណាដា អ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៧ ខណៈដែលនៅឆ្នាំ២០០៨ រូបថតស្នេហាស្រើបស្រាលរបស់នាងជាមួយគូស្នេហ៍បានបែកធ្លាយ។

សោភា បានសន្យាថា នឹងរៀបការតាមប្រពៃណីខ្មែរ មិនឱ្យផុតឆ្នាំ២០០៩ឡើយ ហើយនាងបានដឹកដៃគូស្នេហ៍ទៅថត Pre-Wedding រួចរាល់ទៅហើយ តែដល់ថ្ងៃរៀបការ នាងបែរជាលុបចោលគម្រោងរៀបអាពាហ៍ពិពាហ៍នោះយ៉ាងទាន់ហន់ ហើយបង្វែរទៅជាដឹកដៃគូស្នេហ៍ទៅជប់លៀងយ៉ាងរ៉ូមែនទិកនៅក្រុងកំពង់សោម ទៅវិញ។

សោភា ធ្លាប់បានប្រាប់អ្នកយកព័ត៌មានយើងថា នាងបានរៀបការតាមបែបសាសនាគ្រឹស្ត ជាមួយគូស្នេហ៍ម្តងទៅហើយ កាលពីឆ្នាំ២០០៨ ដោយគ្រាន់តែចូលព្រះវិហារមួយនៅកាណាដា ហើយបំពាក់ ចិញ្ចៀនឱ្យគ្នាទៅវិញទៅមក។

ខណៈដែលមង្គលការបស់មាស សុខសោភា នៅតែមិនទាន់កំណត់ថ្ងៃជាក់លាក់នោះ ស្រាប់តែថ្មីៗនេះ តារាស្នូលរបស់ផលិតកម្មថោន រូបនេះបានធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើលថែមទៀត ព្រោះនាងប្រកាសថា នឹងដើរចេញពីផលិតកម្មថោន ហើយផលិតកម្មទាំងឡាយអាចចែចូវនាងបាននៅឆ្នាំ២០២០នេះ។

ការ អះអាងរបស់សោភា បែបនេះ ធ្វើឱ្យតំណែងធំរបស់បងប្រុសនាង លោកមាស សុខរតនៈ ដែលជាអ្នកចាត់ការទូទៅរបស់ថោន ហាក់ប្រឈមនៅចំពោះមាត់ជ្រោះ ព្រោះបើសោភា ពិតជាស្ពាយបង្វិចចេញពីថោន មែន លោករតនៈ ប្រាកដពិបាករក្សាតំណែងនេះខ្លាំងណាស់។

ដោយឡែក អ្នកដែលសប្បាយចិត្តជាងគេ គឺផលិតកម្មរស្មីហង្សមាស ព្រោះផលិតកម្មនេះបានបើកទ្វាររង់ចាំសោភា ជាច្រើនឆ្នាំមកហើយ។

អ្នកជំនាញសិល្បៈបានឱ្យដឹងថា បើសិនជាហង្សមាស ទទួលបានមាស សុខសោភា ម្នាក់ទៀតនោះ គ្មានអ្វីសង្ស័យទៀតទេ គឺផលិតកម្មមួយនេះនឹងជិះសេះលែងដៃតែម្តង ព្រោះគ្មានផលិតកម្មណាអាចប្រជែងជាមួយគេបានឡើយ៕

RELATED ARTICLES