Monday, November 24, 2025
Homeព័ត៌មានជាតិអ្នកស្រុកមេសាងទៀត!!! រៀបគម្រោងអស់ហើយ សមត្ថកិច្ចដឹងតម្រុយមុន

អ្នកស្រុកមេសាងទៀត!!! រៀបគម្រោងអស់ហើយ សមត្ថកិច្ចដឹងតម្រុយមុន

ខេត្តព្រៃវែង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះរួមនឹងបក្ខពួកបាននាំគ្នារៀបចំគំរោងចេញប្លន់ ប៉ុន្តែត្រូវសមត្ថកិច្ចដឹងតម្រុយមុន ក៏ស្រាវជ្រាវចាប់ក្របួចជាប់ដោយដកហូតបានអាវុធ១ដើមទៀតផង។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យរៀបគំរោងចេញប្លន់ខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ។

មន្ត្រីនគរបាលខេត្តព្រៃវែង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះហ៊ន ណាង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិរបោះផ្ចឹកទី២ ឃុំព្រៃឃ្នេស ស្រុកមេសាង។

ប្រភពដដែលបន្តថា ប្រតិបត្តិការខាងលើនេះធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងជំនាញនគរបាលខេត្តព្រៃវែង ការិយាល័យបច្ចេកទេសខេត្ត អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ អធិការដ្ឋាននគរបាលស្រុកមេសាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា។

ប្រភពខាងលើ បានបញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានចាប់ខ្លួន និងសាកសួរចម្លើយជនសង្ស័យម្នាក់ឈ្មោះថន និធី ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិ៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយជនសង្ស័យរូបនោះបានអះអាងថា ខ្លួនបានលក់អាវុធប្រភេទ AK47 ស្វាយបត់០១ដើម ឱ្យទៅឈ្មោះហ៊ន ណាង ដើម្បីរៀបចំគំរោងប្លន់នៅស្រុកស្វាយអន្ទរ។

បន្ទាប់ពីទទួលបានចម្លើយសារភាពខាងលើ ទើបកម្លាំងជំនាញសហការគ្នាចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះហ៊ន ណាង ភ្លាមៗតែម្តង ដោយដកហូតវត្ថុតាងអាវុធអាកាស្វាយបត់១ដើម កាត់កាណុង និងបង់១គ្រាប់អាកាចំនួន៧គ្រាប់។

បច្ចុប្បន្នជនសង្ស័យយកមកប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ស្រុកស្វាយអន្ទរ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕

RELATED ARTICLES