Monday, November 24, 2025
Homeព័ត៌មានជាតិស្រលាញ់មិត្តភក្តិពេក ភ្លេចស្រលាញ់ខ្លួនឯង សមត្ថកិច្ចចាប់ខ្លួន

ស្រលាញ់មិត្តភក្តិពេក ភ្លេចស្រលាញ់ខ្លួនឯង សមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ ៖ យុវជនម្នាក់បានចូលទៅសួរសុខទុក្ខមិត្តភក្តិស្គាល់ចិត្តគ្នាម្នាក់ ដែលកំពុងជាប់ពន្ធនាគារ លុះដឹងថាមិត្តល្អចង់ជក់ថ្នាំញៀន ក៏ខំលាក់បង្កប់ថ្នាំញៀនចំនួន២កញ្ចប់ នៅក្នុងកំប៉ុងចំណីសត្វ បំណងយកទៅផ្ញើមិត្តភក្តិ តែត្រូវមន្ត្រីអនុរក្សពន្ធនាគារឆែកឆេរឃើញ ក៏ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចមណ្ឌលអប់រំកែប្រែម១ (ព្រៃស) ស្ថិតក្នុងភូមិកម្រៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

ជនសង្ស័យដែលលាក់ថ្នាំញៀនចូលគុកផ្ញើមិត្តភក្តិ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឃី សិរីវុឌ្ឍ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ចំណែកវត្ថុតាងចាប់យក មានក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀន ចំនួន២កញ្ចប់ថង់ធំ ចំណីសត្វចំនួន២កំប៉ុង និងទូរស័ព្ទដៃ០១គ្រឿង។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង បានទទួលដំណឹងពីមណ្ឌលអប់រំកែប្រែ (ម១) មកថា នៅចំណុចមណ្ឌលអប់រំកែប្រែ (ម១) ស្ថិតក្នុងភូមិកម្រៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ មានជនសង្ស័យម្នាក់ឈ្មោះឃី សិរីវុឌ្ឍ បានយកក្រាមពណ៌សថ្លាចំនួន២កញ្ចប់ថង់ធំដាក់ក្នុងកំប៉ុងចំណីសត្វយកចូលទៅក្នុងមណ្ឌលអប់រំកែប្រែ (ម១) តែត្រូវមន្ត្រីអនុរក្សពន្ធនាគារ បានឆែកឆេររកឃើញ។

ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចក៏ចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំ។

ក្រោយបញ្ជូនដល់អធិការដ្ឋាននគរបាលខណ្ឌដង្កោរួចមក សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលឃើញថា ជនសង្ស័យពិតជាមានសារធាតុញៀនក្នុងទឹកនោមប្រាកដមែន។

ដោយមានការសម្របសម្រួលពីលោកឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើ ចាត់ការតាមផ្លូវច្បាប់តែម្តង៕

RELATED ARTICLES