ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាប់នឹងព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ បានបញ្ជាក់ប្រាប់ឱ្យដឹងថា សង្វៀនមាន់មួយកន្លែងដ៏ធំដែលស្ថិតនៅជាប់ព្រំប្រទល់ខណ្ឌចំនួន៣ រួមមាន ខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ បានបើកលេងភ្នាល់យ៉ាងគគ្រឹកគគ្រេងដោយគ្មានអាជ្ញាធរ ឬសមត្ថកិច្ចណា ចុះមកបង្ក្រាបសោះ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ទីតាំងសង្វៀនបញ្ជល់មាន់ខាងលើនេះ មិនដែលឃើញសមត្ថកិច្ចណា ចុះបង្ក្រាបម្តងណាទ្បើយ ប្រហែលជាម្ចាស់សង្វៀនជល់មាន់នេះមានច្បាប់អនុញ្ញាត ឬមួយមានខ្នងអ្នកធំហើយ ទើបមានក្រុមអ្នកលេងល្បែងស៊ីសងប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូន ដោយគ្មានការរំខានពីអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានទាល់តែសោះ។
ប្រភពដដែលបានបន្ថែមថា ទីតាំងខាងលើ ក្រៅពីបើកសង្វៀនបញ្ជល់មាន់ហើយ នៅបើកល្បែងបៀរ អាប៉ោង កៀបស៊ីគ្នាយ៉ាងសាហាវទៀតផង។

ករណីខាងលើនេះ ប្រជាពលរដ្ឋបានសំណូមពរទៅអភិបាលខណ្ឌមានជ័យ លោកអធិការខណ្ឌមានជ័យ និងលោកនាយប៉ុស្តិ៍ មេត្តាជួយធ្វើការស្រាវជ្រាវនិងចុះបង្ក្រាប កុំបណ្តោយឱ្យមានបទល្មើសក្នុងមូលដ្ឋានតទៀត ដើម្បីផ្តល់ទំនុកចិត្តនិងភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ពិសេស ចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចផង…៕