ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូស៊េរីទំនើបជាង២០គ្រឿងគេចពន្ធលួចនាំចូលតាមច្រករបៀងខុសច្បាប់ ត្រូវបានមន្ត្រីគយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ គល់ស្ពានទឹកថ្លា បង្ក្រាប កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពកម្មករលើកម៉ូតូបានឱ្យដឹងថា ក្រុមមន្ត្រីគយការិយល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ គល់ស្ពានទឹកថ្លា សហការជាមួយកម្លាំងអាវុធហត្ថ ចុះបង្ក្រាបទៅលើតូបលក់ម៉ូតូចំនួន៣កន្លែងបានម៉ូតូស៊េរីទំនើបចម្រុះចំនួន២៣គ្រឿង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៅក្បែរគល់ស្ពានទឹកថ្លា ទីរួមខេត្តបន្ទាយមានជ័យ។

ក្នុងការចុះប្រតិការបង្ក្រាបម៉ូតូគេចពន្ធខាងលើ អាជីវករបានធ្វើការរិះគន់ទៅក្រុមមន្ត្រីគយទាំងនោះថា ការអនុវត្តគ្មានតម្លាភាព ដោយស្តង់និងតូបលក់ម៉ូតូជាច្រើនកន្លែងទៀត មន្ត្រីទាំងនោះមិនបង្ក្រាបនោះឡើយ ។
អាជីវករទាំងនោះបានឱ្យដឹងថា ម៉ូតូរត់ពន្ធដែលលក់ដូរនៅក្នុងក្រុងប៉ោយប៉ែត មិនមែនមានតែកន្លែងពួកគេនោះឡើយ គួរតែក្រុមមន្ត្រីទាំងនោះចុះបង្ក្រាបកន្លែងផ្សេងៗទៀត ឱ្យស្មើភាពគ្នា។

លោកឈួន សុធាសុវណ្ណរី មន្ត្រីគយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៅគល់ស្ពានទឹកថ្លា បានឱ្យដឹងថា ម៉ូតូដែលបង្ក្រាបនេះគឺជាម៉ូតូរត់ពន្ធដែលអាជីវករឃុបឃិតជាមួយឈ្មួញ លួចនាំចូលតាមច្រករបៀងខុសច្បាប់។

ប្រភពបន្តថា ម៉ូតូទាំងនេះត្រូវបានមន្ត្រីគយបង្ក្រាបយកមករក្សាទុកនៅការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៅគល់ស្ពានទឹកថ្លា ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ ហើយចំពោះការរិះគន់ថា បង្ក្រាបមិនមានតម្លាភាពនោះ លោកថា មកពីមន្ត្រីរបស់លោកមានគ្នាតិច ហើយនឹងបង្ក្រាបជាបន្តបន្ទាប់ ហើយកាលណាមន្ត្រីបង្ក្រាបគឺមិនដែលត្រូវចិត្តពួកឈ្មួញនោះឡើយ៕