ខេត្តបន្ទាយមានជ័យ ៖ បុរសជើងល្អម្នាក់បានលក់រថយន្ត១គ្រឿងឱ្យគេបានប្រាក់ពេញដៃហើយ ក៏បែកគំនិតប្រើល្បិចធ្វើជាសុំជួលរថយន្តនោះយកមកជិះវិញ បន្ទាប់មកក៏យកទៅលក់ឱ្យអ្នកផ្សេង១តង់ទៀត ទីបំផុតបែកធ្លាយរឿងរ៉ាវក៏ត្រូវម្ចាស់រថយន្ត ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។
ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីរំលោភទំនុកចិត្តនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចកាស៊ីណូហ្គោឌិនក្រោន ស្ថិតភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះលឹម ប៊ុនធឿន។ ចំណែកជនរងគ្រោះ មានឈ្មោះរស់ ជៀវ។
យោងពាក្យបណ្តឹងរបស់ឈ្មោះយក់ បញ្ញា ភេទប្រុស អាយុ៣៦ឆ្នាំ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងករណីរំលោភទំនុកចិត្តបានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចកាស៊ីណូហ្វ័រធូណា ម្តុំតោពីរ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឈ្មោះលឹម ប៊ុនធឿន បានលក់រថយន្តម៉ាកលុចស៊ីស RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ ២Z-២៧៩៨ ឱ្យទៅឈ្មោះរស់ ជៀវ ត្រូវជាឪពុកក្មេកឈ្មោះយក់ បញ្ញា ក្នុងតម្លៃ១៥០០០ដុល្លារ។
ប៉ុន្តែក្រោយពីលក់បានលុយដល់ដៃហើយ ស្រាប់តែឈ្មោះ លឹម ប៊ុនធឿន បានសុំជួលរថយន្តនោះ ពីឈ្មោះយក់ បញ្ញា ដើម្បីជិះវិញក្នុងតម្លៃ៥០០ដុល្លារ ក្នុងមួយខែ ហើយក្រោយមកឈ្មោះលឹម ប៊ុនធឿន បានយករថយន្តទៅលក់ឱ្យអ្នកដទៃ ហើយគេចខ្លួនបាត់តែម្តង។

ក្រោយដឹងរឿងរ៉ាវខាងលើ ទើបកូនជនរងគ្រោះបានទៅដាក់ពាក្យនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ដោយយោងតាមពាក្យបណ្តឹងខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រីនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក្រុង ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះលឹម ប៊ុនធឿន បាននៅវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅចំណុចកាស៊ីណូហ្គោឌិនក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយនាំមកកងរាជអាវុធហត្ថក្រុង ដើម្បីកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

ដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានប្រព្រឹត្តដូចពាក្យបណ្តឹងខាងលើ ហើយគេចខ្លូនមកស្នាក់នៅក្រុងប៉ោយប៉ែត ពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តន៍ទៅតាមផ្លូវច្បាប់៕