Monday, November 24, 2025
Homeព័ត៌មានជាតិផ្តើមចេញពីរឿងប្រចណ្ឌ និងមិនពាក់ចិញ្ចៀនពេជ្រ២វង់

ផ្តើមចេញពីរឿងប្រចណ្ឌ និងមិនពាក់ចិញ្ចៀនពេជ្រ២វង់

បន្ទាប់ពីសមត្ថកិច្ចប្រឹងដុតដៃជើងដើម្បីបំបែកសំណុំរឿងឃាតកម្មទៅលើស្ត្រីម្នាក់ដែលជាអ្នកចងការប្រាក់នោះ ដោយឈ្លេចសួរសំណួរទៅលើជនសង្ស័យ ទីបំផុតជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានសម្លាប់ស្ត្រីរងគ្រោះប្រាកមែន មូលហេតុមកពីប្រចណ្ឌ។

ករណីឃាតកម្មខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែមករា​ ឆ្នាំ២០២០ នៅចំណុចផ្ទះលេខL42A ផ្លូវលេខV16A ( បុរីវីឡាថោន) ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ស្ត្រីសង្ស័យមានឈ្មោះស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខL42A ផ្លូវលេខV16A (បុរីវីឡាថោន) ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ស្ត្រីសង្ស័យត្រូវបានគេអះអាងថា ជាម្តាយរបស់តារាចម្រៀងល្បីឈ្មោះពេជ្រ សូលីកា តារាចម្រៀងផលិតកម្មហង្សមាស។

ចំណែកស្ត្រីរងគ្រោះមានឈ្មោះងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ផ្សារដេប៉ូ2 ខណ្ឌទួលគោក មុខរបរលក់កាហ្វេនៅក្នុងផ្សារដេប៉ូ (ស្លាប់មានស្នាមចងដៃទាំងសងខាងបណ្តាលឲ្យដាច់រលាត់ស្បែក និងមានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង)។

សម្ភារៈបាត់បង់ ៖ ចិញ្ចៀនពេជ្រចំនួន០២វង់ (០១វង់មានដាំពេជ្រធំល្មម ចំនួន០៣គ្រាប់ និង០១វង់ទៀត មានដាំពេជ្រតូចៗចំនួន០៣ជួរ)។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៍ខ្មៅ មកលេងផ្ទះរបស់ជនសង្ស័យ (ពួកគេទាំង២មានទំនាក់ទំនងស្រឡាញ់ស្រីដូចគ្នា) នៅចំណុចផ្ទះកើតហេតុខាងលើ ពេលនោះជនសង្ស័យមិនឃើញជនរងគ្រោះពាក់ចិញ្ចៀនពេជ្រទាំង០២វង់ដូចធម្មតា។

ប្រភពបានបន្តថា ភ្លាមនោះជនសង្ស័យខឹងជនរងគ្រោះជាខ្លាំង ណាមួយមានចិត្តប្រចណ្ឌផងនោះ ដោយខ្លាចជនរងគ្រោះលួចទៅមានស្រីផ្សេងទៀត ជនសង្ស័យក៏បានទារលុយចំនួន១៥០០០ដុល្លារ ដែលឲ្យយកទៅរកស៊ីចងការពីជនរងគ្រោះមកវិញ ប៉ុន្តែជនរងគ្រោះមិនព្រម ក៏កើតជម្លោះពាក្យសម្តីរហូតដល់ប្រតាយប្រតប់គ្នា។

ពេលនោះជនរងគ្រោះមានអាការៈទន់ដៃជើងដួលទៅឥដ្ឋ ជនសង្ស័យក៏មានឱកាសយកខ្សែអាវចងដៃជនរងគ្រោះទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយរហូតថប់ដង្ហើមស្លាប់ ទើបជនសង្ស័យបានស្រាយខ្សែដៃជនរងគ្រោះរួចរៀបចំដាក់សពឲ្យដេកដូចមនុស្សធម្មតា។

ប្រភពបានបន្តទៀតថា លុះនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ក្រុមគ្រួសារជនរងគ្រោះទូរស័ប្ទមកជាច្រើនដងតែមិនមានមអ្នកណាលើកសោះ រហូតដល់វេលាម៉ោងជិត៣រសៀលថ្ងៃដដែល ក៏មានគេទាក់ទងទៅក្រុមគ្រួសារ ប្រាប់ថា​ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ធ្វើឲ្យក្រុមគ្រួសារស្ត្រីរងគ្រោះផ្អើលឆោឡោនាំគ្នាមកដល់ផ្ទះកើតហេតុ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ដោយឡែក ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុ កម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកពិនិត្យធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះឈ្មោះងិន សុខលី ឃើញមានស្នាមចងដៃទាំងសងខាងបណ្តាលឲ្យដាច់រលាត់ស្បែកនិងមានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង ហើយស្ត្រីរងគ្រោះស្លាប់ដោយសារខ្ទប់ផ្លូវដង្ហើម។

សមត្ថកិច្ចបានបន្តថា ដោយមានការសង្ស័យទៅលើឈ្មោះស៊ិន ស្រីនាង (ជាម្ចាស់ផ្ទះដែលជនរងគ្រោះបានដេកស្លាប់) ក៏បាននាំខ្លួនយកទៅសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម តែជនសង្ស័យបានព្យាយាមឆ្លើយភូតកុហកបង្វែងដានអស់រយៈពេលយ៉ាងយូរ ទើបជនសង្ស័យព្រមឆ្លើយសារភាពថា រូបគាត់ពិតជាបានសម្លាប់ជនរងគ្រោះប្រាកដមែន មូលហេតុដោយសារមានចិត្តប្រចណ្ឌ និងខឹងជនរងគ្រោះមិនពាក់ចិញ្ចៀន៕

RELATED ARTICLES