ខេត្តព្រៃវែង ៖ ជនសង្ស័យចំនួន២នាក់ប្រដាប់ដោយកាំភ្លើងខ្លី១ដើម បានធ្វើសកម្មភាពសម្រុកចូលភ្ជង់ប្លន់ផ្ទះលក់មាសមួយកន្លែងទាំងក្បាលព្រលប់ ប៉ុន្តែមិនបានសម្រេច ដោយសារតែកូនប្រុសម្ចាស់ផ្ទះរត់ចេញមកក្រៅស្រែកឆោឡោ ធ្វើឱ្យក្រុមចោរភ័យនាំគ្នាស្ទុះរត់គេចខ្លួនទាំងព្រលឹងចុងសក់។

ករណីចោរសម្រុកចូលប្លន់ផ្ទះលក់មាសខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះលក់មាស១កន្លែង ស្ថិតនៅក្បែរផ្សារអ្នកលឿង ក្នុងភូមិ៤ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍។
ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះហួន ស៊ាមកាង ភេទស្រី អាយុ៦៨ឆ្នាំ មុខរបរលក់មាសនិងវេរលុយ មានលំនៅក្នុងផ្ទះកើតហេតុខាងលើ។ ចំណែកក្រុមជនសង្ស័យមានគ្នា២នាក់ មិនស្គាល់អត្តសញ្ញាណ ប្រដាប់ដោយកាំភ្លើងខ្លី១ដើម។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលម្ចាស់ហាងលក់មាសខាងលើកំពុងរៀបចំបិទហាងទៅហើយ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ប្រដាប់ដោយកាំភ្លើងខ្លី១ដើម បានធ្វើសកម្មភាពសម្រុកចូលទៅភ្ជង់ម្ចាស់ផ្ទះលក់មាសខាងលើដើម្បីប្លន់ តែមិនទាន់បានសម្រេចនៅឡើយ ក៏ស្រាប់តែកូនប្រុសម្ចាស់ផ្ទះបានរត់ចេញមកក្រៅស្រែកឆោឡោថា “ចោរៗ” ធ្វើឱ្យក្រុមចោរភ័យស្លន់ស្លោនាំគ្នាស្ទុះចេញមកក្រៅ ហើយរត់គេចខ្លួនបាត់ស្រមោលអស់។
ដោយឡែកតាមសម្តីរបស់ស្ត្រីរងគ្រោះជាម្ចាស់ហាងលក់មាស បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅគ្រាដែលគាត់កំពុងប្រមូលមាស ដែលដាក់តាំងលក់យកមកទុកវិញ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់បានមកដល់ដកកាំភ្លើងភ្ជង់ និងស្រែកគំរាមប្លន់យកមាសពីកូនស្រីរបស់គាត់ តែកូនស្រីគាត់មិនព្រមឱ្យ។

ហើយភ្លាមនោះ កូនប្រុសរបស់គាត់ក៏បានលួចរត់ចេញក្រៅស្រែកថាចោរៗ ធ្វើឱ្យជនសង្ស័យភ័យ នាំគ្នារត់គេចទៅដល់កន្លែងលក់ផ្លែឈើ ក៏ដកកាំភ្លើងភ្ជង់ប្លន់ជនរងគ្រោះម្នាក់ទៀត ដែលកំពុងឈប់ម៉ូតូទិញផ្លែឈើ យកបានម៉ូតូ១គ្រឿង ជិះគេចខ្លួនសំដៅចូលភូមិព្រែកបារាំងបាត់ស្រមោលតែម្តង។
យ៉ាងណាមិញករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាណជនសង្ស័យ តាមរយៈរូបភាពក្នុងកាមេរ៉ាសុវត្ថិភាពរបស់ម្ចាស់ផ្ទះ ដើម្បីតាមប្រមាញ់ចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់៕