ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូ១គ្រឿងទៅឈប់នៅកណ្តាលស្ពានជ្រោយចង្វា រួចចុះឈរតោងបង្កាន់ដៃស្ពានក្នុងសភាពរេរាដូចជាចង់លោតទឹកបន្តិចអត់បន្តិច លុះប្រជាពលរដ្ឋអ្នកដំណើរបានឃើញក៏រាយការណ៍ប្រាប់សមត្ថកិច្ចប្រចាំការនៅលើស្ពានចេញជួយអន្តរាគមន៍ឃាត់ទាន់ពេល លុះសួរនាំរកហេតុផលក៏ត្រូវបុរសខាងលើបានប្រាប់ថា មកពីគាត់នឹកកូនពេកទើបរត់មកលោតទឹកសម្លាប់ខ្លួន។
ករណីបុរសម្នាក់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វានេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វា) ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

បុរសដែលប៉ុនប៉ងគិតខ្លីលោតទឹកសម្លាប់ខ្លួនខាងលើនេះ មានឈ្មោះហេង ពុទ្ធីយ៉ា អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅផ្ទះលេខ១៥៨ ផ្លូវបេតុង ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសខាងលើជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅ (អត់ខោអាវ) ជាប្រភេទម៉ូតូសណ្តោងរ៉ឺម៉កបានធ្វើដំណើរឡើងមកលើស្ពានជ្រោយចង្វាតែម្នាក់ឯង លុះមកដល់លើស្ពាន បុរសរូបនោះក៏បានឈប់ម៉ូតូរួចក៏ចុះទៅឈរតោងបង្កាន់ដៃស្ពានទាំងទឹកមុខក្រៀមក្រំដូចមានវិបត្តិអ្វីម៉្យាង។

ណាមួយមើលទៅស្ថានភាពដូចជារេរាចិត្តចង់លោតចុះទឹកបន្តិចអត់បន្តិច ទើបត្រូវបានអ្នកដំណើរ ប្រទះឃើញក៏រាយការណ៍ប្រាប់សមត្ថកិច្ចប្រចាំការនៅគល់ស្ពាន សហការជាមួយកម្លាំងប៉ុស្តិ៍ បានចេញអន្តរាគមន៍ទៅឃាត់បុរសរូបនោះបានភ្លាមៗ រួចក៏នាំមកសាកសួរពីដំណើររឿងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វា។

តាមសម្តីបុរសដែលប៉ុនប៉ងសម្លាប់ខ្លួនរូបនេះបានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា គាត់ពិតជាចង់មកលោតទឹកពីលើស្ពានជ្រោយចង្វា សម្លាប់ខ្លួនប្រាកដមែន។ មូលហេតុដែលធ្វើឱ្យគាត់ចង់សម្លាប់ខ្លួននេះ គឺមកពីគិតអ្វីមិនចេញណាមួយមកពីគាត់នឹកកូនប្រុសខ្លាំងពេកដែលកូនគាត់ទើបតែអាយុបាន៩ខែប៉ុណ្ណោះ ហើយសព្វថ្ងៃកំពុងរស់នៅជាមួយជីដូននៅឯខេត្តបាត់ដំបង។

ដោយឡែក តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ច បន្ទាប់ពីឃាត់បុរសខាងលើនាំយកមកសាកសួរពីដំណើររឿងរួចមក សមត្ថកិច្ចបានឆែកឃើញមានសំបុត្របណ្តាំចុងក្រោយ១ច្បាប់ដែលជនរងគ្រោះបានសរសេរទុកមានខ្លឹមសារទាំងស្រុងថា “សូមអរគុណដែលអ្នកម្តាយចង់ឱ្យកូនល្អ ជាតិនេះខ្ញុំមិនបានសងគុណម្តាយ ចាំជាតិក្រោយណាម្តាយ សូមជួយ Call ទៅម្តាយខ្ញុំផង ០១០-៧៦៤៩៥១ សូមអរគុណ…”។

តាមរយៈលិខិតបណ្តាំខាងលើនេះអាចបញ្ជាក់បានថា បុរសរូបនេះពិតជាចង់សម្លាប់ខ្លួនមែន ប៉ុន្តែត្រង់ហេតុផលលើកឡើងថា ចង់ស្លាប់ ព្រោះតែនឹកកូនខ្លាំងពេកនោះ ត្រូវបានអ្នកចោមរោមមើលហេតុការណ៍យល់ឃើញថា ដូចជាមិនសមទំនងសោះ ព្រោះថាបើនឹកកូន ហេតុអ្វីក៏មិនទៅរកកូន បែរជាមកលោតទឹកសម្លាប់ខ្លួនទៅវិញ ឬមួយអាចមានហេតុផលអ្វីជ្រៅជាងនេះទៀត។ យ៉ាងណា មានតែក្រុមគ្រួសារបុរសរូបនេះទេដែលដឹងរឿងហេតុច្បាស់។

ក្រោយពីសមត្ថកិច្ចបាននាំបុរសខាងលើ ទៅសាកសួរហើយ ក៏បានទំនាក់ទំនងទៅម្តាយ តាមរយៈលេខទូរស័ព្ទក្នុងសំបុត្របណ្តាំ ដើម្បីឱ្យមកទទួលយកបុរសរូបនេះត្រឡប់ទៅផ្ទះវិញ៕