Monday, November 24, 2025
Homeព័ត៌មានជាតិម្នាក់ៗអស់រាប់ពាន់ដុល្លារ ភ្ញាក់ព្រើត គេវេចលុយរើផ្ទះ គេចខ្លួនបាត់អស់

ម្នាក់ៗអស់រាប់ពាន់ដុល្លារ ភ្ញាក់ព្រើត គេវេចលុយរើផ្ទះ គេចខ្លួនបាត់អស់

ភ្នំពេញ ៖ ប្រជាពលរដ្ឋមួយក្រុមមានគ្នាប្រមាណ៣០នាក់បានផ្ទុះការតវ៉ា បន្ទាប់ពីបានចាញ់បោកក្រុមហ៊ុនជ្រើសរើសពលករទៅបម្រីការងារនៅប្រទេសមួយ ដោយម្នាក់ៗបានបង់ប្រាក់ទៅឱ្យក្រុមហ៊ុនអស់រាប់ពាន់ដុល្លារ ជាថ្នូរនឹងការចាកចេញទៅធ្វើការនៅប្រទេសកូរ៉េ តែត្រូវខាងក្រុមហ៊ុនចេះតែពន្យាពេលពីមួយខែទៅមួយខែរហូតឆ្លងដល់ឆ្នាំ នៅតែមិនមានឈ្មោះចេញទៅ។

ទីបំផុត ទើបដឹងថា ខាងក្រុមហ៊ុនបានវេចលុយរើផ្ទះគេចខ្លួនបាត់ ទើបផ្អើលនាំគ្នារត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

ហេតុការណ៍ប្រជាពលរដ្ឋប្តឹងតវ៉ាខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នោចំណុចអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

ក្រុមហ៊ុនុដែលទទួលរងការប្តឹងផ្តល់ពីក្រុមប្រជាពលរដ្ឋខាងលើ មានឈ្មោះ ក្រុមហ៊ុន JLY ជ្រើសរើសពលករទៅបម្រើការងារនៅ ប្រទេសកូរ៉េ មានទីតាំងស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ក្រុមប្រជាពលរដ្ឋដែលបានមកដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច មានចំនួនប្រមាណ៣០នាក់ និងសុទ្ធតែបានអះអាងដូចៗគ្នាថា ពួកគាត់ បានចាញ់បោកក្រុមុហ៊ុន JLY អស់លុយម្នាក់ៗរាប់ពាន់ដុល្លារ ដោយមិនបានទៅធ្វើការនៅប្រទេសកូរ៉េនោះទេ។

តាមសម្តីបុរសឈ្មោះជួប ជួន អាយុ២៨ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង និងជាតំណាងឱ្យក្រុមជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ពួកគាត់មានគ្នាប្រមាណ៣០នាក់ រស់នៅខេត្តផ្សេងៗគ្នា។

កាលពីអំឡុងតែតុលា ឆ្នាំ២០១៨ ពួកគាត់នាំគ្នាទៅដាក់ពាក្យបង់លុយនៅក្រុមហ៊ុន JLY ដែលមានទីតាំងស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ម្នាក់ៗអស់ចំនួន៣ពាន់ដុល្លារ ដោយខាងក្រុមហ៊ុនបានចេញវិក័យបត្រត្រឹមត្រូវ ហើយប្រាប់ឱ្យរង់ចាំថ្ងៃចាកចេញទៅប្រទេសកូរ៉េ។

ក៏ប៉ុន្តែការទន្ទឹងរង់ចាំរបស់ពួកគាត់បានអូសបន្លាយពីមួយខែទៅមួយខែ អស់ជាច្រើនខែមកហើយ។ រហូតមកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ពួកគាត់បានទំនាក់ទំនងទៅខាងក្រុមហ៊ុនដើម្បីសួរបញ្ជាក់ឱ្យបានច្បាស់ ស្រាប់តែទាក់ទងមិនបាន។

លុះតាមទៅសួរនាំដល់ស្នាក់ការក្រុមហ៊ុន ស្រាប់តែរើផ្ទះបាត់ទៀត មិនដឹងជាវេចលុយរត់ទៅណាអស់ ទើបធ្វើឱ្យពួកគាត់ កើតទុក្ខមិនសុខចិត្តនាំគ្នារត់ទៅរកសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។

តាមប្រភពពព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុន JLY ខាងលើនេះ ធ្លាប់ត្រូវបានប្រជាពលរដ្ឋរងគ្រោះផ្អើលតវ៉ា២លើកមកហើយ ហើយបើរាប់ទាំងលើកនេះ គឺជាលើកទី៣ហើយ ស្រាប់តែខាងក្រុមហ៊ុនឆបោកវេចលុយរត់បាត់អស់ ទុកឱ្យប្រជាពលរដ្ឋរងគ្រោះដែលនាំគ្នាលក់ដីស្រែចម្ការ ចងការគេម្នាក់ៗអស់រាប់ពាន់ដុល្លារ ចង់យំក៏យំមិនចេញផង។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីក្រុមហ៊ុន JLY ដែលទទួលរងការចោទប្រកាន់ខាងលើបាននៅឡើយទេ៕

RELATED ARTICLES