ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់បានជិះម៉ូតូចេញពីផ្ទះទៅដើរលេង ហើយបានយកម៉ូតូទៅផ្ញើនៅកន្លែងទទួលផ្ញើ លុះពេលបានសន្លឹកកន្ទុយប័ណ្ណ ហើយក៏យកដាក់ក្រោមកែបម៉ូតូរួចដើរលេង រហូតដល់ពេលត្រឡប់មកវិញស្រាប់តែបាត់ម៉ូតូរកមិនឃើញនៅកន្លែងផ្ញើ មិនដឹងទៅណា ហើយអ្នកទទួលផ្ញើមិនទទួលដឹងឮឡើយព្រោះគ្មានប័ណ្ណបញ្ញើ។

ម្ចាស់ម៉ូតូក្លាយជាជនរងគ្រោះ ឈ្មោះជួប លាភី ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិវារិទ្ធទី៣ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម បានប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅម៉ោង៨យប់ គាត់បានយកម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KH-8954 យកមកផ្ញើកន្លែងទទួលផ្ញើ ដោយទុកចុងសន្លឹកសំបុត្រក្នុងកែបម៉ូតូនោះ រួចហើយគាត់ទៅដើរលេងក្នុងកម្មវិធីបុណ្យនៅបរិវេណវត្ត។
ស្ត្រីដដែលបានបន្តថា លុះដល់វេលាម៉ោង៩និង៤០នាទីយប់ថ្ងៃដដែល រូបគាត់ក៏បានមកយកម៉ូតូពីកន្លែងផ្ញើ ស្រាប់តែបាត់ម៉ូតូរកមិនឃើញ ហើយម្ចាស់ទទួលផ្ញើមិនទទួលខុសត្រូវលើការបាត់ម៉ូតូនេះឡើយ ព្រោះមិនមានសំបុត្រទទួលបញ្ញើ។

ករណីនេះ ប៉ូលិសបានបញ្ជាក់ថា សមត្ថកិច្ចជំនាញ និងប៉ុស្តិ៍កំពុងស៊ើបអង្កេតស្រាវជ្រាវ កសាងសំណុំរឿងតាមនីតិវិធី បន្ទាប់ពីទទួលបណ្តឹងពីស្ត្រីដែលអះអាងថា ជាជនរងគ្រោះ៕