Monday, November 24, 2025
Homeព័ត៌មានជាតិយប់ឆ្លងឆ្នាំ គេសប្បាយគ្រប់គ្នា... ស្រាប់តែកូនរូបនេះ ត្រូវម៉ែឪហៅប៉ូលិសចាប់

យប់ឆ្លងឆ្នាំ គេសប្បាយគ្រប់គ្នា… ស្រាប់តែកូនរូបនេះ ត្រូវម៉ែឪហៅប៉ូលិសចាប់

ខេត្តតាកែវ ៖ បុរសម្នាក់ប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ក៏បង្កការអុកឡុកវាយបំផ្លាញរបស់របរក្នុងផ្ទះខ្ទេចអស់ រួចយកភ្លើងដុតរោងចំបើងបណ្តាលឱ្យឆាបឆេះ លុះឪពុកម្តាយចូលទៅឃាត់ ស្រាប់តែកូនប្រុសឈាមក្តៅរូបនេះថែមទាំងគំរាមសម្លាប់ឪពុកម្តាយបង្កើតខ្លួនឯងទៀតផង រហូតដល់ក្រុមគ្រួសារទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុសគំរាមសម្លាប់ឪពុកម្តាយបង្កើតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់។

ជនសង្ស័យជាកូនប្រុសចិត្តកំណាចដែលគំរាមសម្លាប់ឪពុកម្តាយបង្កើតខ្លួនឯងរូបនេះ មានឈ្មោះទូច សំវត្ថា អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យគឺជាមនុស្សប្រើប្រាស់ថ្នាំញៀនរហូតដល់បែកថ្នាំ និងតែងតែអុកឡុកក្នុងគ្រួសារ និងវាយបំផ្លិចបំផ្លាញទ្រព្យក្នុងផ្ទះ ហើយជេរប្រមាថ និងគំរាមសម្លាប់ឪពុកម្តាយជាញឹកញាប់។

នៅមុនពេលកើតហេតុ ជនសង្ស័យទើបនឹងត្រឡប់មកពីជក់ថ្នាំញៀនវិញក៏បង្ករឿងអុកឡុកពេញផ្ទះ និងថែមទាំងបានយកភ្លើងទៅដុតរោងចំបើងបណ្តាលឱ្យឆាបឆេះទៀតផង ឃើញបែបនេះ ឪពុកម្តាយបានចូលទៅឃាត់ ស្រាប់តែកូនប្រុសកំណាចរូបនេះមិនត្រឹមតែមិនស្តាប់ប៉ុណ្ណោះទេ តែបែរជាគំរាមសម្លាប់ឪពុកម្តាយខ្លួនឯងចោលទៀតផង ទើបធ្វើឱ្យក្រុមគ្រួសារទ្រាំលែងក៏ប្តឹងរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីតែម្តង៕

RELATED ARTICLES