Monday, November 24, 2025
Homeព័ត៌មានជាតិ"ហត់មួយជីវិតហើយ...បែរជាត្រូវព្រាត់ប្រាសគ្មានថ្ងៃត្រលប់ បន្សល់ត្រឹមតែរូបថត"

“ហត់មួយជីវិតហើយ…បែរជាត្រូវព្រាត់ប្រាសគ្មានថ្ងៃត្រលប់ បន្សល់ត្រឹមតែរូបថត”

ខេត្តសៀមរាប ៖ ពិតជាទំនួញសោកគួរឱ្យស្រណោះស្រណោកណាស់ដែលនារីជាប្រពន្ធម្នាក់បានបញ្ចេញសាររៀបរាប់ពីការស្តាយស្រណោះចំពោះការបាត់បង់ប្តីជាទីស្រឡាញ់ ដែលធ្លាប់បានសន្យាថា ស្លាប់រស់ជាមួយគ្នា រួមរស់ជាមួយគ្នារហូតដល់ចាស់កោងខ្នង តែឥឡូវនៅមិនទាន់ចាស់ផង ហេតុអ្វីបងស្លាប់ចោលអូន?

នារីដែលទួញសោកស្តាយប្តីស្លាប់ចោលនោះ ឈ្មោះស្រីខួច វ័យជាង៤០ឆ្នាំ មុខរបរជាម្ចាស់ហាងលក់ផលិតផលរក្សាសម្រស់នៅក្រុងសៀមរាប។ ចំណែកបុរសជាប្តីដែលស្លាប់ចោលប្រពន្ធនោះ មានឈ្មោះប៉ិច ឈុនលី អាយុ៤៨ឆ្នាំ ស្លាប់ដោយរោគាពាធ មហារីកកូនកណ្តុរនិងក្រលៀន។

ស្ត្រីជាប្រពន្ធបានបង្ហោះរូបភាពបុណ្យសពប្តី ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ជាមួយសំណេរថា “កាលពីមុនបងបានសន្យាថា បងនិងអូនស្លាប់រស់ជាមួយគ្នា នៅមានបំណងប្រាថ្នាច្រើនទៀតដែលត្រូវធ្វើរួមគ្នា តែពេលនេះហេតុអ្វីបងទៅចោលអូន មិនបន្តថែរក្សា អូននិងកូនទាំងពីរ? អូនពិតជាចង់ស្លាប់ទៅតាមបងណាស់ តែអូននៅមានកម្ម ត្រូវចាំបាច់បំពេញតួនាទីថែរក្សាកូនតូចយើងទាំងពីរ បើអត់ពីអូនម្នាក់ទៀត កូនត្រូវកំព្រា”។

ស្ត្រីជាប្រពន្ធរូបនេះបន្តថា “ពេលនេះអូនពិតជាតឹងណែនថប់ដើមទ្រូងខ្លាំងណាស់ ស្លាប់ក៏មិនបាន រស់ក៏មិនស្រណុកក្នុងចិត្ត បើសិនគ្មានកូនទាំងពីរ ម៉្លេះអូនទៅតាមបងបាត់ហើយ ព្រោះដើម្បីបំពេញសន្យាដែលយើងបានសន្យានឹងគ្នាថា រួមរស់នឹងគ្នាដល់ចាស់កោងខ្នង បាត់បង់បង អូនពិតជាពិបាកទទួលយកខ្លាំងណាស់ តែអ្វីដែលអូនត្រូវធ្វើ គឺរឹងមាំដើម្បីកូន។ សូមឱ្យវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភព… អូននឹកបងណាស់ប្តីសម្លាញ់”។

ដោយឡែក មុនពេលប្តីស្លាប់ ស្ត្រីជាប្រពន្ធខាងលើបានសរសេរក្នុងគណនីហ្វេសប៊ុកដដែលថា “មនុស្សយើងមិនមែនមានលុយហើយ គិតថា មានសុខគ្រប់ពេលទេណា បើឱ្យមានលុយ ហើយ ម្តេចមិនឱ្យបានសុខផងទៅ? ពេលនេះ ម៉ោងនេះ អាខួចពិបាកចិត្តខ្លាំងណាស់ ព្រោះប្តីសម្លាញ់ឈឺមិនជាសោះ អាខួចសូមបន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយឱ្យប្តីកូនជាសះស្បើយពីជំងឺចង្រៃនេះផង និងជួយបន្ថែមអាយុឱ្យប្តីកូនដល់អាយុ១០០ផង ដើម្បីមើលថែប្រពន្ធកូនដល់ចាស់ផង ហត់ចិត្តខ្លាំងណាស់ ពេលឃើញប្តីឈឺអ៊ីចឹង”។

ជាមួយគ្នានេះ នារីម្នាក់ជាក្មួយរបស់បុរសស្ត្រីខាងលើបានសរសេរក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា “គូឈុនលី ហត់មួយជីវិតហើយ ដល់ពេលធូរធារ មានផ្ទះ មានឡាន មានលុយ មានកូនតូចៗស្អាតៗ បែរជាត្រូវព្រាត់ប្រាសគ្មានថ្ងៃត្រលប់ បន្សល់ត្រឹមតែរូបថត។ អាណិតក្មេងតូចៗ ផ្ទះធំ តែស្ងាត់ជ្រងំ ធ្លាប់តែអ៊ូអរសំឡេងសើចក្អាកក្អាយ តែពេលនេះចប់ហើយ លែងរីករាយដូចមុនទៀតហើយ”។

បន្ទាប់ពីបានឃើញរូបភាពនិងសំណេរប្រកបដោយទុក្ខសោកស្តាយស្រណោះអាឡោះអាល័យរបស់ប្តីប្រពន្ធខាងលើ ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនមានការអាណិត សង្វេគដល់គូស្វាមីភរិយានេះដែលព្រាត់ស្លាប់ចោលគ្នាទាំងកំពុងពេញស្រឡាញ់ ខណះដែលខំពួតដៃគ្នារកស៊ីស្ទើរពាក់កណ្តាលជីវិតរហូតមានជីវភាពធូរធារ មានផ្ទះធំទ្រនំខ្ពស់ មានលុយចាយ មានឡានជិះ មានកូនតូចៗស្អាតៗគួរឱ្យស្រឡាញ់ បែរជាត្រូវព្រាត់ប្រាសគ្នាគ្មានថ្ងៃត្រលប់ដោយសារតែជំងឺ។

ទោះជាយ៉ាងណា អ្នកដែលមានជំនឿលើព្រះពុទ្ធសាសនា បានលើកជាមតិយោបល់លួងចិត្តស្ត្រីជាប្រពន្ធរបស់សពឱ្យកាត់ចិត្ត ពង្រឹងស្មារតីជូតទឹកភ្នែកហើយបន្តជីវិតទៅមុខទៀត ដើម្បីអនាគតកូនៗ ដែលនៅតូចមិនទាន់ដឹងក្តី ព្រោះអ្នកដែលទៅ (ស្លាប់) នោះ គឺផុតទុក្ខហើយ នៅឡើយតែអ្នកនៅរស់ គឺនៅមានទុក្ខដូចស្រមោលអន្ទោលតាមប្រាណ។

ហើយចូរគិតចុះថា “រូបំ ទុក្ខំ អនិច្ចំ អនត្តា” (មានរូបមានទុក្ខ អ្វីមិនទៀងទេ ខ្លួនមិនមែនជារបស់ខ្លួន), “ជាតិ ជរា ព្យាធិ មរណា” (កើត ចាស់ ឈឺ ស្លាប់) ជារឿងធម្មតាក្នុងវាលវដ្តសង្សាររបស់សត្វលោក ដែលកើតមកនៅលើភពផែនដីយើងនេះ។ ជិវិតមនុស្សមិនទៀងទេ តែសេចក្តីស្លាប់គឺទៀង ដូច្នេះ ចូរខំសាងអំពើកុសល ដើម្បីបច្ចុប្បន្ននិងអនាគតជាតិ៕

RELATED ARTICLES