Monday, November 24, 2025
Homeព័ត៌មានជាតិព្រោះតែការស្រលាញ់ និងចង់ឲ្យកូនក្លាយជាមនុស្សថ្មី... ក្រុមគ្រួសារសម្រេចហៅប៉ូលិសមក

ព្រោះតែការស្រលាញ់ និងចង់ឲ្យកូនក្លាយជាមនុស្សថ្មី… ក្រុមគ្រួសារសម្រេចហៅប៉ូលិសមក

ខេត្តរតនគិរី ៖ យុវជនម្នាក់បានប្រើប្រាស់ថ្នាំញៀនរហូតដល់ថ្នាក់លែងអាចគ្រប់គ្រងខ្លួនឯងបាន ទើបក្រុមគ្រួសារសម្រេចចិត្តរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះឃាត់ខ្លួនបញ្ជូនទៅមណ្ឌលអប់រំកែប្រែបន្សាបគ្រឿងញៀន ដើម្បីឱ្យកូនប្រុសកែប្រែខ្លួនក្លាយជាមនុស្សថ្មីឡើងវិញ។

ការចាប់បញ្ជូនយុវជនញៀនថ្នាំទៅកាន់មណ្ឌលអប់រំកែប្រែខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។

យុវជនដែលត្រូវឪពុកម្តាយប្តឹងឱ្យសមត្ថកិច្ចជួយចាប់បញ្ជូនចូលមណ្ឌលផ្តាច់គ្រឿងញៀននេះ មានឈ្មោះអីម បញ្ញា អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមនុស្សញៀនថ្នាំកម្រិតធ្ងន់ (គ្រប់គ្រងខ្លួនឯងលែងបាន) និងមានលំនៅក្នុងភូមិសង្កាត់ខាងលើ។

តាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងនោះដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ោញ ម៉ារ៉ាឌី នាយរងការិយាល័យ បានចាប់បញ្ជូនមុខសញ្ញាញៀនគ្រឿងញៀន ឈ្មោះអីម បញ្ញា តាមការសំណូមពររបស់ក្រុមគ្រួសាររបស់មុខសញ្ញា ឈ្មោះអីម បញ្ញា ព្រោះតែជននេះបានប្រើប្រាស់គ្រឿងញៀនខ្លាំងដល់កម្រិត ហើយមានលក្ខណៈស្ថិតក្នុងស្ថានភាពឈានទៅរកភាពញៀនខ្លាំង ដែលអាចបណ្តាលឱ្យបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ និងឈានទៅប្រព្រឹត្តបទល្មើសផ្សេងៗទៀតនៅក្នុងសង្គមផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីស្របតាមមាត្រា១០៧ និង១០៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ការិយាល័យជំនាញបានធ្វើនីតិវិធីសុំការឯកភាពពីអយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីសម្រេច។

បច្ចុប្បន្ន យុវជនញៀនថ្នាំកំពុងដឹកបញ្ជូនទៅកែប្រែព្យាបាលស្តារនីតិសម្បទានៅមណ្ឌលជីវិតថ្មី ភ្នំបាក់ នៃខេត្តបន្ទាយមានជ័យ៕

RELATED ARTICLES