Monday, November 24, 2025
Homeព័ត៌មានជាតិបិណ្ឌបាត្រហួសម៉ោងឆាន់ ប្រជាពលរដ្ឋហៅប៉េអឹមឃាត់ខ្លួន តាមពិតសង្ឃ...

បិណ្ឌបាត្រហួសម៉ោងឆាន់ ប្រជាពលរដ្ឋហៅប៉េអឹមឃាត់ខ្លួន តាមពិតសង្ឃ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យកំពុងពេញកម្លាំងចំនួន៣នាក់ ចង់បានប្រាក់ចាយវាយមិនព្រមដើររកការងារធ្វើ បែរជានាំគ្នាបន្លំខ្លួនស្លៀកស្បង់ធ្វើជាសង្ឃដើរបិណ្ឌបាតតាមទីសាធារណៈ លុះរកលុយបានច្រើនភ្លេចខ្លួនក៏បន្តបិណ្ឌបាតទាំងម៉ោងត្រូវឆាន់ចង្ហាន់ថ្ងៃត្រង់ ធ្វើឱ្យ ប្រជាពលរដ្ឋសង្ស័យ រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួននាំយកទៅសាកសួរ ទើបដឹងថា តាមពិតគឺជាសង្ឃក្លែងក្លាយសោះ។

ករណីចាប់បកស្បង់សង់ក្លែងក្លាយខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចក្នុងបរិវេណវត្តសិរីមង្គលស្ទឹងបត់ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ជនសង្ស័យទាំង៣នាក់ដែលស្លៀកស្បង់បន្លំជាព្រះសង្ឃ និងត្រូវមន្ត្រីសង្ឃចាប់ផ្សឹក ប្រគល់ឱ្យសមត្ថកិច្ច រួមមាន ទី១-ឈ្មោះគឹម ម៉ាត អាយុ៣៣ឆ្នាំ ទី២-ឈ្មោះសឿន ចិត្រា អាយុ២១ឆ្នាំ ទាំង២នាក់ រស់នៅភូមិអង្គរជ័យ ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត និងទី៣-ឈ្មោះភី សារិទ្ធិ អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិខ្វៀវ ឃុំបេង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

តាមប្រភពពីមន្ត្រីអាវុធហត្ថ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានប្រទះឃើញសង្ឃប្លែកមុខចំនួន៣អង្គគ្រងស្បង់ដោយគ្មានសណ្តាប់ធ្នាប់ដើរបិណ្ឌបាត និងចែកប្រូក្រាមចំថ្ងៃសីល និងថែមទាំងចំម៉ោងត្រូវឆាន់ចង្ហាន់ថ្ងៃត្រង់ទៀត ព្រមទាំងដើរចូលដល់ក្នុងផ្ទះប្រជាពលរដ្ឋ គួរឱ្យសង្ស័យ ទើបរាយការណ៍ប្រាប់កម្លាំងអាវុធហត្ថឱ្យចុះមកជួយអន្តរាគមន៍ លុះកម្លាំងអាវុធហត្ថចុះទៅដល់សួរនាំ ស្រាប់តែមានសង្ឃ១អង្គក្នុងចំណោមនោះព្យាយាមគេចខ្លួន តែត្រូវឃាត់ខ្លួនបានភ្លាមៗ។

ក្រោយពីបានយកមកសួរនាំ ឃើញថា លោកសង្ឃទាំង៣អង្គនេះបានប្រព្រឹត្តខុស និងច្បាប់របស់រដ្ឋ និងវិន័យពុទ្ធសាសនា ដោយក្លែងបន្លំខ្លួនជាលោកសង្ឃដើរកាន់ប្រូក្រាមបោកប្រាស់ពុទ្ធបរិស័ទថា យកទៅកសាងសមទ្ធិផលនៅវត្តគិរីសែនសុខ ហៅវត្តភ្នំ១៤៧ ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដោយដើរអង្គាសលុយពុទ្ធបរិស័ទនៅក្នុងក្រុងប៉ោយប៉ែត លើទីតាំងឃាត់ខ្លួននៅចំណុចផ្សារអគ្គថ្មីប៉ោយប៉ែត និងផ្សារត្រី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយអង្គាសបានប្រាក់សរុបចំនួន ៨៣៨០០០រៀល។

ភ្លាមៗនោះព្រះអនុគណក្រុងប៉ោយប៉ែត ធ្វើការទំនាក់ទំនងទៅកាន់ព្រះគ្រូអនុគណស្រុកកំរៀង និងព្រះគ្រូចៅអធិការនៅវត្តគិរីសែនសុខ ហៅវត្តភ្នំ១៤៧ បញ្ជាក់ថា មិនមែនជាលោកសង្ឃគង់នៅវត្តរបស់ព្រះអង្គ  ហើយខាងវត្តក៏មិនបានឱ្យសង្ឃអង្គណានិមន្តទៅសអង្គាសបច្ច័យ ឬបិណ្ឌបាតអ្វីនោះទេ និងស្នើឱ្យចាត់ការទៅតាមច្បាប់ចំពោះបុគ្គលដែលជនបោកប្រាស់ទាំងនោះទៀតផង។

ក្រោយពីបកស្បង់ចេញ ជនសង្ស័យទាំងបីនាក់ត្រូវបានបញ្ជូនទៅឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែតចាត់ការបន្ត៕

RELATED ARTICLES