ភ្នំពេញ ៖ ស្ត្រីម្នាក់បានខ្ចីម៉ូតូអ្នកជិតខាងជិះចេញពីផ្ទះទៅតាមប្តីរបស់ខ្លួនដើម្បីយកសោមកចាក់ទ្វារផ្ទះ ស្រាប់តែដល់ពាក់កណ្តាលផ្លូវក៏ត្រូវជនសង្ស័យមួយក្រុមប្រដាប់ដោយកាំភ្លើងខ្លួន១ដើម ជិះម៉ូតូមកស្ទាក់ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូទៅបាត់ ហើយនាំគ្នាគេចខ្លួនបាត់ដោយសុវត្ថិភាព។
ករណីភ្ជង់ប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលំ ខាងក្រោយវត្តតាំងកសាងខាងត្បូង ខាងលិចប៉ុស្តិ៍កាកាប២ ប្រមាណ២០០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។
ស្ត្រីរងគ្រោះដែលត្រូវចោរភ្ជង់ប្លន់ មានឈ្មោះសៀក ផាត អាយុ៤២ឆ្នាំ មុខរបរមេផ្ទះ មានប្តីឈ្មោះយ៉ុន បេ អាយ៤៧ឆ្នាំ មុខរបរលក់ទឹកកក មានកូនស្រី២នាក់ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

ចំណែកម៉ូតូដែលចោរប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខស្វាយរៀង 1G-7791 (ជាម៉ូតូខ្ចីអ្នកជិតខាង) មិនតែប៉ុណ្ណោះ ជនសង្ស័យនៅភ្ជង់ប្លន់យកខ្សែកប្លាកទីនទម្ងន់៣ជីកន្លះ និងទូរស័ព្ទចុចពិលមួយគ្រឿងទៀតផង។
តាមសម្តីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់បានក្រោកតាំងពីមេឃងងឹត រួចចាក់សោផ្ទះចំហៀងខាងបន្ទប់ដាក់ម៉ូតូ ហើយចេញទៅលក់ទឹកកកនៅឯខាងសង្កាត់ក្រាំងធ្នង់បាត់ទៅ.។

លុះពេលគាត់និងកូនស្រីងើបភ្ញាក់ឡើង ដោយសារបន្ទាប់ទ្វារខាងដាក់ម៉ូតូជាប់សោ ទើបគាត់ក៏បានទៅខ្ចីម៉ូតូពីអ្នកជិតខាង ឈ្មោះសុខ សៃ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើតភូមិព្រែកទ័ព ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្នាក់នៅទល់មុខផ្ទះគ្នា ដើម្បីជិះទៅតាមយកកូនសោពីប្តីនៅកន្លែងលក់ទឹកកក។
ស្ត្រីរងគ្រោះបន្តថា លុះពេលយកសោពីប្តីបានហើយ គាត់បានជិះម៉ូតូត្រឡប់មកផ្ទះវិញ ស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យ១ក្រុម មានគ្នា៤នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មិនចាំស្លាកលេខ ចំនួន២គ្រឿង តាមមកស្ទាក់ រួចដកកាំភ្លើងខ្លីភ្ជង់ប្លន់យកម៉ូតូ និងប្លន់យកខ្សែក ទូរស័ព្ទដៃរបស់គាត់ ហើយគេចខ្លួនទៅតាមផ្លូវស្របផ្លូវដែកឆ្ពោះទៅខាងលើបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះ រួមជាមួយម្ចាស់ម៉ូតូ ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប២ ដើម្បីឱ្យជួយស្រាវជ្រាវតាមចាប់ខ្លួនចោរប្លន់ប្រដាប់អាវុធខាងលើ៕