ខេត្តកណ្តាល ៖ បុរសជើងល្អម្នាក់បានលេងឆាតតាមហ្វេសប៊ុកញ៉ែនារីម្នាក់ រហូតដល់បានណាត់ជួបមុខគ្នា រួចក៏ប្រើល្បិចខ្ចីម៉ូតូនារីរងគ្រោះជិះ បន្ទាប់មកក៏ព្យាយាមស៊ីដាច់ម៉ូតូ១គ្រឿងនោះ ដោយបានដោះស្លាកលេខចេញពីម៉ូតូ គាប់ជួនក៏ត្រូវសមត្ថកិច្ចល្បាតប្រទះឃើញឃាត់សួរនាំធ្លាយរឿងចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុចដីឡូត៍ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះគីម សុធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងដកហូតបាន រួមមានម៉ូតូ១គ្រឿងម៉ាកស្តុបពី ពណ៌សលាយក្រហម ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CM-0491 មានលេខតួនិងលេខម៉ាស៊ីន៨០០២១៨០ និងកាបូបខោអាវចំនួន១។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងជំនាញបានចុះល្បាតលុះមកដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យនៅចំណុចខាងលើ ធ្វើឱ្យមានការសង្ស័យក៏ចូលទៅមើល ឃើញជនសង្ស័យកំពុងធ្វើសកម្មភាពដោះស្លាកលេខម៉ូតូចេញក៏ហៅសួរនាំ។

ភ្លាមនោះជនសង្ស័យសារភាពថា ខ្លួនបានខ្ចីម៉ូតូពីនារីម្នាក់ឈ្មោះភាព អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ នៅម្តុំពោធិ៍ចិនតុង ដោយមិនស្គាល់កន្លែងស្នាក់នៅទេ គ្រាន់តែលេងឆាតជាមួយគ្នាប៉ុណ្ណោះ យកមកជិះតែជ្រុះស្លាកលេខទើបដោះទុក។
បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតានីតិវិធី៕