Monday, November 24, 2025
Homeព័ត៌មានជាតិប្រុសស្នេហ៍ស្លាប់ស្រីយំឱបរូបថតមឈូស ផ្តាំ "បងរងា កុំភ្លេចដណ្តប់ភួយ"

ប្រុសស្នេហ៍ស្លាប់ស្រីយំឱបរូបថតមឈូស ផ្តាំ “បងរងា កុំភ្លេចដណ្តប់ភួយ”

ភ្នំពេញ ៖ ពិតជាគួរឱ្យសង្វេគណាស់ ខណៈគូស្នេហ៍មួយគូកំពុងស្រឡាញ់គ្នាពេញបេះដូងក្លាយជាគូដណ្តឹងសល់តែ២ខែទៀតរៀបការ ស្រាប់តែភាគីប្រុសបានរងគ្រោះដល់ស្លាប់ធ្វើឱ្យនារីជាគូស្នេហ៍ទួញយំឱបសពរូបថតនិងមឈូស សម្តែងក្តីសោកស្តាយស្រណោះអាឡោះអាល័យប្រុសស្នេហ៍ផ្តែផ្តាំបងទៅឱ្យបានសុខ បើរងាកុំភ្លេចដណ្តប់ភួយណា៎បងសម្លាញ់!…។

នារីដែលយំសោកឱបរូបថតនិងមឈូសសពប្រុសស្នេហ៍នោះ មានឈ្មោះម៉េង វតី អាយុ២០ឆ្នាំ រស់នៅរាជធានីភ្នំពេញ។ ចំណែកបុរសដែលស្លាប់ចោលគូដណ្តឹងនោះ មានឈ្មោះសាម៉ុន ថាវីន អាយុ២៣ឆ្នាំ មានលំនៅក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នារីឈ្មោះម៉េង វតី ជាគូដណ្តឹងរបស់សពខាងលើបានបង្ហោះរូបភាពនាងអង្អែលរូបថតប្រុសស្នេហ៍ ដែលដាក់តាំងនៅមុខមឈូស និងរូបភាពនាងឱបមឈូសសពក្នុងគណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ជាមួយសំណេរថា “បងហា៎ បងគេងលក់ស្រួលអត់? បងមាននឹកអូនអត់? ហើយបងត្រជាក់អត់? បងកុំភ្លេចដណ្តប់ភួយណាបង។ ពេលបងគេងមើលមុខបងហ៎ សើចស្អាតណាស់ទៅកន្លែងថ្មី សូមឱ្យបានសុខណាបង អូនអត់ខឹងបងទេ បងមិនបាច់បារម្ភទេ អូនសន្យាថា អូនរឹងមាំមិនចុះចាញ់ទេ សូមទៅឱ្យស្ងប់ណាបង”។

ដោយឡែក នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នារីដដែលបានបង្ហោះរូបភាពរើសឆ្អឹងសពប្រុសស្នេហ៍ ក្នុងគណនីហ្វេសប៊ុកដដែល ជាមួយសំណេរហៅបុរសជាគូដណ្តឹងថា ប្តីពេញៗមាត់ថា “គាត់ស្រលាញ់ខ្ញុំខ្លាំងណាស់ គាត់ឱ្យខ្ញុំរកឃើញធ្មេញចែកប្អូនៗគ្រប់គ្នា ទៅឱ្យបានសុខណាប្តី”។

ទោះជាយ៉ាងណា ពាក់ព័ន្ធករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំយោបល់បន្ថែមពីនារីខាងលើបានទេ កាលពីម្សិលមិញ។

គួរបញ្ជាក់ថា តាមប្រភពព័ត៌មានឱ្យដឹងថា យុវជនជាគូដណ្តឹងរបស់នារីខាងលើបានស្លាប់កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅលើមហាវិថីព្រះនរោត្តម ចំណុចមុខស្ថានទូតថៃប្រចាំនៅកម្ពុជា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះសាម៉ុន ថាវីន បានបើកម៉ូតូមួយគ្រឿងម៉ាកហុងដា ប៊ីត ពណ៌ស ពាក់ស្លាកលេខពោធិ៍សាត់ 1I-8728 ដោយមានអ្នកជិះពីក្រោយម្នាក់ដោយធ្វើដំណើរក្នុងល្បឿនយ៉ាងលឿនតាមមហាវិថីព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ដោយមានម៉ូតូ២-៣គ្រឿងជិះដោយក្មេងស្ទាវប្រមាណ៦-៧នាក់ បានដេញតាមពីក្រោយយ៉ាងប្រកិត។

ពេលនោះជនរងគ្រោះបានស្រែកថា ចោរៗ ស្រាប់តែត្រូវក្រុមអ្នកជិះម៉ូតូដេញតាមពីក្រោយធាក់ផ្តួល បណ្តាលឱ្យជនរងគ្រោះជាអ្នកបើកម៉ូតូដួលបោកក្បាលនឹងរបាំងថ្មពុះចែកទ្រូងផ្លូវស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នករួមដំណើររងរបួសធ្ងន់ រីឯក្រុមក្មេងស្ទាវដែលដេញពីក្រោយ បានបើកម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់ភ្លាមៗផងដែរ។

ប្រភពដដែលបន្តថា ក្រោយកើតហេតុ នារីជាគួដណ្តឹងរបស់បុរសរងគ្រោះបានមកដល់កន្លែងកើតហេតុ ទួញយំឱបសពរៀបរាប់ថា “ហេតុអីបងទៅចោលអូន នៅសល់តែពីរខែទៀត ដល់ថ្ងៃយើងរៀបការទៅហើយ”…៕

RELATED ARTICLES