បន្ទាប់ពីបានឃើញព័ត៌មានពាក់ព័ន្ធនឹងបុរសម្នាក់សង្ស័យកើតរោគចិត្ត ចូលក្នុងបន្ទប់ទឹកលួចមើលស្រីៗចូលបន្ទប់ទឹក រហូតត្រូវក្រុមសន្តិសុខការ៉ាស់សាំងនិងអ្នកជិតខាងចាប់វាយ និងថតវីដេអូនបង្ហាញមុខជាសាធារណៈនោះ ស្រាប់តែលោកឧកញ៉ាហ៊ុន ជា បានចេញសារបែបផ្តល់ដំបូន្មានដល់ម្ចាស់ការ៉ាស់សាំងនោះថា ប្រយ័ត្នដូចករណីក្មេងលួចដូង ដែលត្រូវម្ចាស់គេតាមទាន់ចាប់ក្បាលជ្រមុជចូលពាង ធ្វើឲ្យមហាជនរិះគន់មិនសំចៃដៃ និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

លោកឧកញ៉ា ហ៊ុន ជា បានបង្ហោះសារនៅថ្អៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ថា “នៅចាំបានទេរឿងក្មេងលួចដូង ? កុំអាងមានលុយនឹងអំណាច សូមមើលរឿងណឹងឡើងវិញ បើវាជាចោរក៏មិនត្រូវធ្វើដល់ថ្នាក់ហ្នឹងដែរ ប៉ូលីស PM មានតើ”។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរសម្នាក់សង្ស័យកើតរោគចិត្តបានចូលបន្ទប់ទឹកក្នុងការ៉ាស់សាំងមួយកន្លែង ធ្វើសកម្មភាពលួចមើលមនុស្សស្រីចូលបន្ទប់ទឹក ហើយត្រូវសន្តិសុខនិងអ្នកជិតខាងចាប់បានហើយបានវាយមួយដៃមួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងនៅស្ថានីយប្រេងឥន្ធនៈ PTT សារុន វិថូរ៉ាត់ ស្ថិតនៅរង្វង់មូលកួរស្រូវ បណ្តោយផ្លូវជាតិលេខ២ សង្កាត់រលួស ខណ្ឌដង្កោ។

ចំណែកម្ចាស់ការ៉ាស់សាំង PTT ឈ្មោះសារុន វិថូរ៉ាត់ បានចេញវីដេអូរៀបរាប់ដោយបង្ហាញមុខជនសង្ស័យផងដែរថា “សូមជម្រាបសួរ ខ្ញុំឈ្មោះសារុន វិថូរ៉ាត់ ខ្ញុំជាម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT ផ្លូវជាតិលេខ២ រង្វង់មូលកួរស្រូវ តាមបងប្អូនដឹងហើយពីទឹកចិត្ត និងមនុស្សខ្ញុំយ៉ាងម៉េច អ្វីគឺសៗ អ្វីគឺខ្មៅៗ អ្វីជាសុច្ចរឹតៗ អ្វីជាទុច្ចរឹតៗ តែថ្ងៃនេះខ្ញុំសូមអំពាវនាវប្រាប់បងប្អូនថា ម្នាក់នេះ (ជនសង្ស័យ) ជាជនពាល និងមានអ្នកជួលពីក្រោយ ដើម្បីឲ្យគាត់មកអុកឡុកកន្លែងបន្ទប់ទឹកស្អាតរបស់ស្ថានីយប្រេងឥន្ធនៈ PTT សារុន វិថូរ៉ាត់ នៅរង្វង់មូលកួរស្រូវ នៅផ្លូវជាតិលេខ២”។

លោកវិថូរ៉ាត់ បានបន្តថា “គាត់មកកន្លែងនេះធ្វើសកម្មភាពដូចជា រត់ចូលបន្ទប់ទឹកស្រី ឱនចូលមើលក្នុងបន្ទប់ទឹកស្រី មើលមនុស្សស្រីធ្វើសកម្មភាពអ្វី និងមានបំណងមើលប្រដាប់ភេទស្រី អ៊ីចឹងខ្ញុំក៏សម្រេចចិត្តបង្ហោះវីដេអូមួយឃ្លីបនេះ និងរូបភាបដទៃៗទៀតដែលបុគ្គលិករបស់ស្ថានីយ វីថូរ៉ាត់ PTT ដែលចាប់បាន និងអ្នកជិតខាងបានវាយគាត់”។

លោកវិថូរ៉ាត់ បន្ថែមថា “អ៊ីចឹងខ្ញុំក៏សម្រេចចិត្តបង្ហោះរូបភាពនេះ និងបញ្ជូនគាត់ទៅឲ្យប៉ូលិស និងច្បាប់ជាអ្នកដោះស្រាយ សូមអរគុណដល់អតិថជន ខ្ញុំសារុន វិថូរ៉ាត់ សូមអភ័យទោស និងអធ្យាស្រ័យដល់អតិថនដែលតែងតែគាំទ្រស្ថានីយប្រេងឥន្ធនៈ PTT វិថូរ៉ាត់ ថ្ងៃនេះខ្ញុំមានដំណឹងល្អចាប់បានជនពាលហើយ សាធុៗៗ”៕
